បុរសម្នាក់នៅខេត្ត Chonburi ប្រទេសថៃ សម្លាប់ប្រពន្ធ កូនស្រី ចៅ និងម្តាយក្មេក ដោយសារតែវិបត្តិហិរញ្ញវត្ថុ
បរទេស៖ ករណីដ៏រន្ធត់មួយបានកើតឡើងនៅស្រុក Sri Racha ខេត្ត Chonburi ប្រទេសថៃ កាលពីល្ងាចថ្ងៃអង្គារ។ ប៉ូលីសមកពីប៉ុស្តិ៍នគរបាល Nong Kham បានទទួលរបាយការណ៍ នៃការស្លាប់ចំនួន ៥ នាក់នៅក្នុងផ្ទះតែមួយក្នុងសង្កាត់ Nong Kham ។ ជនរងគ្រោះទាំងអស់ គឺជាសមាជិកគ្រួសារតែមួយ រួមទាំងមនុស្សចាស់ និងទារកអាយុ១ឆ្នាំម្នាក់។
យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា អាជ្ញាធរជឿថា បុរសជាមេគ្រួសារអាយុ៦២ឆ្នាំ បានសម្លាប់សមាជិកគ្រួសារបួននាក់ផ្សេងទៀត មុនពេលសម្លាប់ខ្លួនឯង។ ជនរងគ្រោះរួមមានប្រពន្ធអាយុ៦០ឆ្នាំ; កូនស្រីរបស់ពួកគេអាយុ ២១ ឆ្នាំ; ចៅស្រីអាយុមួយឆ្នាំរបស់ពួកគេ; និងម្តាយក្មេកដែលមានអាយុ ៨២ ឆ្នាំ។
អ្នកជិតខាងមានការសង្ស័យ បន្ទាប់ពីផ្ទះនៅ តែបិទអស់រយៈពេលពីរថ្ងៃ ដែលមិនធម្មតាសម្រាប់បុរស ដែលធ្វើការនៅផ្សារលក់មឹក និងគុយទាវ។ ពួកគេបានទាក់ទងប៉ូលីសបន្ទាប់ពីធុំក្លិន។
អ្នកស៊ើបអង្កេតបានសង្ស័យថា បុរសអាយុ ៦២ ឆ្នាំរូបនេះ មានភាពតានតឹងផ្នែកហិរញ្ញវត្ថុ និងជួបប្រទះការភ័យរន្ធត់ ដែលប្រហែលជានាំ ឱ្យគាត់ឈានដល់បញ្ហានេះ។
ប្រែសម្រួលៈ ណៃ តុលា
