ប្រទេសចិន ជំរុញឱ្យសហភាពអឺរ៉ុប ផ្តល់បរិយាកាសអាជីវកម្ម ដែលយុត្តិធម៌ មានតម្លាភាព និងមិនរើសអើងសម្រាប់ក្រុមហ៊ុនចិន
ប៉េកាំង៖ ប្រទេសចិនជំរុញឱ្យសហភាពអឺរ៉ុបផ្តល់បរិយាកាសអាជីវកម្មដែលយុត្តិធម៌ មានតម្លាភាព និងមិនរើសអើងសម្រាប់ក្រុមហ៊ុនចិន និងដើម្បីជៀសវាងការធ្វើឱ្យប៉ះពាល់ដល់ ទំនុកចិត្តរបស់ក្រុមហ៊ុនទាំងនេះក្នុងការវិនិយោគរបស់ពួកគេនៅអឺរ៉ុប នេះបើយោងតាមអ្នកនាំពាក្យ ក្រសួងការបរទេសចិន លោក Lin Jian បានឲ្យដឹងនៅទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារ។
លោក បានធ្វើការកត់សម្គាល់នេះ នៅពេលឆ្លើយតបទៅនឹងការរុករកវិធីដែលគណៈកម្មការអឺរ៉ុប បានរាយការណ៍ដើម្បីបង្ខំឱ្យរដ្ឋជា សមាជិកសហភាពអឺរ៉ុបដកក្រុមហ៊ុន Huawei Technologies និង ZTE Corporation ចេញពីបណ្តាញទូរគមនាគមន៍សហភាពអឺរ៉ុប។ លោក បានកត់សម្គាល់ថា ក្រុមហ៊ុនចិនបានធ្វើអាជីវកម្មនៅអឺរ៉ុបស្របតាមច្បាប់ បានផ្តល់ផលិតផល និងសេវាកម្មដែលមានគុណភាពដល់ប្រជាជនអឺរ៉ុប និងបានចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការងារក្នុងស្រុក។
លោក បានបន្ដថា ការកំណត់ ឬហាមឃាត់ការចូលប្រើប្រាស់ទីផ្សាររបស់ក្រុមហ៊ុនតាមរយៈមធ្យោបាយរដ្ឋបាលដោយគ្មានមូលដ្ឋានច្បាប់ ឬមូលដ្ឋានជាក់ស្តែងណាមួយ រំលោភយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ទីផ្សារ និងច្បាប់នៃការប្រកួតប្រជែងដោយយុត្តិធម៌ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានកត់សម្គាល់ថា នៅក្នុងប្រទេសមួយចំនួនតូច ការពិតបានបង្ហាញថា ការដកចេញនូវឧបករណ៍ដែលមានសុវត្ថិភាព និងមានគុណភាពរបស់ក្រុមហ៊ុនទូរគមនាគមន៍ចិន មិនត្រឹមតែរារាំងដល់ការអភិវឌ្ឍបច្ចេកវិទ្យាក្នុងស្រុករបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបណ្តាលឱ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា
