ប៉េកាំង៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន លោក Lin Jian បានឧ្យដឹងថា ប្រទេសចិនបានជំរុញឱ្យ G7 ឈប់រៀបចំបញ្ហាទាក់ទង នឹងប្រទេសចិន និងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ខ្លួន។
លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងសន្និសីទ សារព័ត៌មានជាប្រចាំ នៅពេលដែលត្រូវ បានស្នើសុំឱ្យធ្វើអត្ថាធិប្បាយ លើសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 ដែលបានបង្ហាញពីការ ព្រួយបារម្ភដែលនៅសេសសល់ របស់ពួកគេទាក់ទងនឹងអ្វីដែលហៅថា ការកសាងយោធា និងការកើនឡើងយ៉ាងឆាប់ រហ័សនៃឃ្លាំងអាវុធ នុយក្លេអ៊ែរនៅក្នុងប្រទេសចិន។
ដោយសង្កត់ធ្ងន់ថាសេចក្តីថ្លែងការណ៍រួម នេះតំណាងឱ្យការយល់ច្រឡំអំពីការពិត ការបង្ខូចកេរ្តិ៍ឈ្មោះដោយចេតនា របស់ប្រទេសចិន និងការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរ នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន លោកបានឧ្យដឹងថា ប្រទេសចិនថ្កោលទោស និងប្រឆាំងនឹងរឿងនោះ។
លោកបានកត់សម្គាល់ថា បញ្ហាតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុង របស់ប្រទេសចិនសុទ្ធសាធ ដោយនិយាយថា របៀបដោះស្រាយបញ្ហាតៃវ៉ាន់ គឺជាបញ្ហារបស់ប្រជាជនចិន ដែលមិនអត់ឱនចំពោះការជ្រៀតជ្រែកពីខាងក្រៅឡើយ។
លោកបានបន្ដថា ស្ថានភាពនៅសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូងជាទូទៅមានស្ថិរភាព ដោយជំរុញឲ្យក្រុមប្រទេស G7 ឈប់ប្រើប្រាស់បញ្ហាសមុទ្រ ដើម្បីបង្កជម្លោះ បង្កើនភាពតានតឹង និងធ្វើឲ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់៕
ប្រែសម្រួល ឈូក បូរ៉ា
