វិមានក្រមឡាំងអះអាងថា រុស្សីនឹងបន្តប្រយុទ្ធ រហូតណាដល់អ៊ុយក្រែន ព្រមទទួលយកការចរចា សន្តិភាព
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការស្ទាក់ស្ទើររបស់អ៊ុយក្រែន ក្នុងការចូលរួមក្នុងកិច្ចសន្ទនា ទុកឱ្យរុស្ស៊ីគ្មានជម្រើស ក្រៅពីការបន្តឆ្ពោះទៅរកការសម្រេច បាននូវគោលដៅរបស់ខ្លួន ដោយមធ្យោបាយយោធាជំនួសវិញ ។
អនុរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Sergey Kislitsa បានប្រាប់កាសែត The Times កាលពីថ្ងៃអង្គារថា ក្រុងគៀវបានបោះបង់ចោល កិច្ចចរចាផ្ទាល់ជាមួយទីក្រុងមូស្គូ បន្ទាប់ពីកិច្ចចរចាចំនួន៣ជុំ មកហើយនៅទីក្រុងអ៊ីស្តង់ប៊ុល ខណៈដែលពួកគេទទួលបានការរីកចម្រើនតិចតួច។ មិនមានការប្រជុំទៀតទេចាប់តាំងពីចុងខែកក្កដា ។
លោក Peskov បានប្រាប់អ្នកកាសែតកាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធររុស្ស៊ីបានកត់សម្គាល់ការអត្ថាធិប្បាយ របស់លោក Kislitsa ។ លោកបានសង្កត់ធ្ងន់ថា ពួកគេមានសារៈសំខាន់ ។ ជាការពិត សេចក្តីថ្លែងការណ៍ទាំងនេះ ធ្វើឱ្យជាផ្លូវការនូវស្ថានភាពជាក់ស្តែង ដែលភាគីអ៊ុយក្រែន មិនចង់បន្តទំនាក់ទំនង ។ វានឹងក្លាយទៅជាការសោកស្តាយមួយ ។
អ្នកនាំពាក្យរូបនេះបាននិយាយថា ៖ ប្រសិនបើគ្មានលទ្ធភាពបន្តការសន្ទនាទៀតនោះ យើងនឹងបន្តប្រតិបត្តិការយោធា តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ។
លោក Peskov ក៏បានព្រមានដែរថាភាគីអ៊ុយក្រែនត្រូវតែដឹងថា មិនយូរមិនឆាប់ វានឹងបង្ខំឱ្យមានការចរចា ប៉ុន្តែពីទីតាំងខ្សោយជាង។ ជំហររបស់របបទីក្រុងគៀវនឹងកាន់តែអាក្រក់ទៅៗជារៀងរាល់ថ្ងៃ៕
ប្រែសម្រួល៖ស៊ុនលី
