សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ឈានទៅដល់ការ ព្រមព្រៀងចុងក្រោយ លើតម្លៃពន្ធគយ និងកិច្ចព្រមព្រៀង សន្តិសុខជាតិ
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅថ្ងៃសុក្រ បានបញ្ចប់កិច្ចព្រមព្រៀងពន្ធគយ និងសន្តិសុខ របស់ពួកគេ ដោយព្រមទាំងធ្វើសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចចរចាកំពូលរវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung និងប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃទី២៩ខែតុលាកន្លងមកផង ។
កិច្ចព្រមព្រៀងនេះរួមមានការវិនិយោគកូរ៉េខាងត្បូង ចំនួន១៥០ពាន់លានដុល្លារ ក្នុងវិស័យសាងសង់កប៉ាល់ ដែលត្រូវបានអនុម័តដោយសហរដ្ឋអាមេរិក និង២០០ពាន់លានដុល្លារ នៃការវិនិយោគកូរ៉េខាងត្បូងបន្ថែមទៀត នេះបើយោងតាមអនុស្សរណៈ នៃការយោគយល់គ្នាអំពីការវិនិយោគជាយុទ្ធសាស្រ្ត ដើម្បីជាថ្នូរនឹងការបន្ថយពន្ធ របស់សហរដ្ឋអាមេរិក ។
សហរដ្ឋអាមេរិក នឹងអនុវត្តអត្រាពន្ធទៅវិញទៅមក១៥ភាគរយ លើទំនិញដើមរបស់ប្រទេសកូរ៉េខាងត្បូង កាត់បន្ថយពន្ធតាមវិស័យលើរថយន្ត គ្រឿងបន្លាស់រថយន្ត របស់ប្រទេសកូរ៉េខាងត្បូងមកត្រឹម១៥ភាគរយ និងអនុវត្តមិនលើសពី១៥ភាគរយចំពោះឱសថរបស់ប្រទេសកូរ៉េខាងត្បូង។
សហរដ្ឋអាមេរិកក៏មានបំណង ដកពន្ធបន្ថែមដែលដាក់លើផលិតផលក្នុងបញ្ជី នៃការកែសម្រួលតម្លៃសក្តានុពលសម្រាប់ដៃគូរសហការ រួមទាំងឱសថទូទៅ គ្រឿងផ្សំឱសថទូទៅ និងធនធានធម្មជាតិដែលមិនមាននៅក្នុងសហរដ្ឋអាមេរិក ក៏ដូចជាយន្តហោះ និងផ្នែកខ្លះ នៃប្រទេសកូរ៉េខាងត្បូងផងដែរ។
ទីភ្នាក់ងារសារព័ត៌មាន Yonhap News Agency របស់កូរ៉េខាងត្បូងបានកត់សម្គាល់ថា ទោះបីជាយ៉ាងណាក្តី ការអនុវត្តជាក់ស្តែង មិនបានបញ្ជាក់ពីពេលណា ដែលសហរដ្ឋអាមេរិក នឹងបញ្ចុះពន្ធ២៥ភាគរយ នាពេលបច្ចុប្បន្នលើរថយន្ត និងគ្រឿងបន្លាស់រថយន្ត មកត្រឹម១៥ភាគរយនោះទេ ៕
ប្រែសម្រួល៖ស៊ុនលី
