ព័ត៌មានអន្តរជាតិ

រុស្ស៊ីថា ទាហានកូរ៉េខាងជើង ដែលបានជួយរុស្ស៊ី ទប់ទល់ការលុកលុយដ៏ធំ របស់អ៊ុយក្រែន ចូលទៅក្នុងតំបន់ Kursk ពេលនេះកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការ បោសសម្អាត តំបន់មីនថែមទៀត

បរទេស ៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃសុក្រថា ទាហានកូរ៉េខាងជើង ដែលបានជួយរុស្ស៊ី ទប់ទល់ការលុកលុយដ៏ធំរបស់អ៊ុយក្រែន ចូលទៅក្នុងតំបន់ Kursk ភាគខាងលិចរបស់ខ្លួន ឥឡូវនេះកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបោសសម្អាតតំបន់មីន ។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្រោមកិច្ចព្រមព្រៀង ការពារទៅវិញទៅមក រវាងប្រទេសទាំងពីរ កូរ៉េខាងជើងកាលពីឆ្នាំមុន បានបញ្ជូនទាហានប្រហែល ១៤.០០០ នាក់ទៅប្រយុទ្ធរួមជាមួយរុស្ស៊ីនៅទីក្រុង Kursk ហើយជាង ៦.០០០ នាក់ត្រូវបានសម្លាប់, នេះបើយោងតាមប្រភពកូរ៉េខាងត្បូង អ៊ុយក្រែន និងលោកខាងលិច។

កងកម្លាំងអ៊ុយក្រែន បានវាយលុកឆ្លងកាត់ព្រំដែន ក្នុងខែសីហា ឆ្នាំ ២០២៤ ហើយបានបន្តកាន់កាប់ទឹកដីជាច្រើនខែ ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីខែមេសាថា ទីបំផុតរុស្ស៊ីបានបណ្តេញពួកគេចេញ ដោយមានជំនួយពីកូរ៉េខាងជើង។

តួនាទីដ៏សំខាន់របស់កូរ៉េខាងជើង នៅក្នុងប្រតិបត្តិការដោះមីន របស់រុស្ស៊ីបង្ហាញពីបំណងប្រាថ្នា របស់ភាគីទាំងពីរក្នុងការអភិវឌ្ឍបន្ថែមទៀត នូវទំនាក់ទំនងយោធារបស់ពួកគេ ដែលមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បាននិយាយកាលពីខែមុនថានឹង “រីកចម្រើនឥតឈប់ឈរ” ៕
ប្រែប្រួលៈ ណៃ តុលា

To Top