ចិន និងជប៉ុន រិះគន់គ្នាទៅវិញទៅមក ចំពោះការកត់ សម្គាល់ របស់លោកស្រី Takaichi លើតៃវ៉ាន់ ដែលកំពុងស្ថិតក្នុង ជម្លោះកាន់តែខ្លាំងឡើង
ប៉េកាំង ៖ ប្រទេសចិន និងជប៉ុន បានវាយប្រហារគ្នាទៅវិញទៅមកកាលពីថ្ងៃសុក្រ ជុំវិញការលើកឡើងថ្មីៗរបស់នាយករដ្ឋមន្ត្រីលោកស្រី Sanae Takaichi លើការចូលរួម ដែលអាចកើតមានរបស់ជប៉ុន នៅក្នុងគ្រាអាសន្នរបស់តៃវ៉ាន់ ខណៈដែលប្រទេសជិតខាងអាស៊ីទាំងពីរបានជាប់គាំងនៅក្នុងជម្លោះការទូត ដែលកំពុងកើនឡើង ។
ក្រសួងការបរទេសចិន បានឧ្យដឹងថា ប្រទេសចិន បានកោះហៅឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅទីក្រុងប៉េកាំង ហើយបានទាមទារ ឱ្យលោកស្រី Takaichi ដកការលើកឡើងរបស់លោកស្រីចេញ ខណៈដែលក្រសួងការបរទេសជប៉ុនបានឧ្យដឹងថា ខ្លួនបានដាក់ពាក្យបណ្តឹងស្រដៀងគ្នានេះ នៅថ្ងៃដដែលនោះ ជុំវិញការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថ្មីៗនេះ ដោយអ្នកការទូតចិនម្នាក់ ដែលឆ្លើយតបទៅនឹងការលើកឡើងនេះ ។
នៅថ្ងៃសុក្រផងដែរ ប្រទេសចិន បានជំរុញឱ្យពលរដ្ឋរបស់ខ្លួនជៀសវាងការទៅទស្សនាប្រទេសជប៉ុន ដោយក្រសួងការបរទេសរបស់ខ្លួនបានឧ្យដឹងថា ការលើកឡើងដែលញុះញង់ ដោយមេដឹកនាំជប៉ុន បានបណ្តាលឱ្យ “បរិយាកាសជុំវិញការផ្លាស់ប្តូរប្រជាជនទៅប្រជាជនកាន់តែយ៉ាប់យ៉ឺនយ៉ាងធ្ងន់ធ្ងរ ដែលបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរ ដល់សុវត្ថិភាពរបស់ប្រជាជនចិន” នៅក្នុងប្រទេសជប៉ុន។
ដោយហៅការលើកឡើង របស់ លោកស្រី Takaichi ថា “ខុស និងគ្រោះថ្នាក់ខ្លាំង” អនុរដ្ឋមន្ត្រីការបរទេសចិន លោក Sun Weidong បានព្រមាននៅក្នុងកិច្ចប្រជុំ របស់លោកជាមួយបេសកជនជប៉ុន Kenji Kanasugi កាលពីថ្ងៃព្រហស្បតិ៍ថា ក្រសួងបានឧ្យដឹងថា “អ្នកណាដែលហ៊ានជ្រៀតជ្រែក ក្នុងបុព្វហេតុបង្រួបបង្រួមប្រទេសចិន ក្នុងទម្រង់ណាមួយ ប្រាកដជានឹងត្រូវទទួលរងការវាយប្រហារ យ៉ាងធ្ងន់ធ្ងរ”។
លោក Sun ក៏ត្រូវបានគេដកស្រង់ សម្តីផងដែរថា ការកត់សម្គាល់ «បង្កហេតុ» របស់មេដឹកនាំជប៉ុន ដែលបង្កប់ន័យពី «លទ្ធភាព នៃការជ្រៀតជ្រែកប្រដាប់អាវុធ នៅក្នុងច្រកសមុទ្រតៃវ៉ាន់» បានធ្វើឱ្យខូចដល់មូលដ្ឋានគ្រឹះនយោបាយនៃទំនាក់ទំនងទ្វេភាគី និងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ របស់ប្រជាជនចិនយ៉ាងធ្ងន់ធ្ងរ៕
ប្រែសម្រួល ឈូក បូរ៉ា
