ព័ត៌មានអន្តរជាតិ

​ ចិន​ សង្ឃឹមថា​ អឺរ៉ុបនឹងផ្តល់ បរិយាកាសយុត្តិធម៌ និងអាចព្យាករណ៍បាន​ សម្រាប់អាជីវកម្មចិន

ប៉េកាំង៖​ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឧ្យឹងថា ខ្លួនសង្ឃឹមថា អឺរ៉ុបនឹងផ្តល់បរិយាកាសយុត្តិធម៌ និងអាចព្យាករណ៍បានសម្រាប់អាជីវកម្មចិន​ ក្នុងការវិនិយោគ និងធ្វើប្រតិបត្តិការនៅអឺរ៉ុប។

អ្នកនាំពាក្យចិនលោក Lin Jian បានធ្វើការកត់សម្គាល់នេះដើម្បីឆ្លើយតបទៅនឹងរបាយការណ៍ស្តីពីការអភិវឌ្ឍសហគ្រាសចិននៅ អឺរ៉ុបឆ្នាំ២០២៥-២០២៦​ ដែលចេញផ្សាយដោយសភាពាណិជ្ជកម្មចិនប្រចាំអឺរ៉ុប​ ដែលបង្ហាញថា ការវាយតម្លៃរួមនៃបរិយាកាសអាជីវកម្មអឺរ៉ុប​ ក្នុងចំណោមក្រុមហ៊ុនចិន​ បានធ្លាក់ចុះសម្រាប់ឆ្នាំទី​ ៦ជាប់ៗគ្នា ដោយ “ភាពមិនប្រាកដប្រជា” ត្រូវបានលើកឡើងថា ជាឧបសគ្គធំបំផុតប្រឆាំង នឹងប្រតិបត្តិការ របស់អាជីវកម្មចិននៅអឺរ៉ុប ។

លោកបានប្រាប់សន្និសីទសារព័ត៌មានជាប្រចាំថា “យើងកត់សម្គាល់ របាយការណ៍នេះ ហើយក៏កត់សម្គាល់ផងដែរថា អាជីវកម្មចិន មានការព្រួយបារម្ភអំពីសម្ពាធ ជាបន្តបន្ទាប់លើប្រតិបត្តិការ របស់ពួកគេនៅអឺរ៉ុប”។

លោកបានបន្ដថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សហភាពអឺរ៉ុប​ បានតស៊ូមតិគាំទ្រការប្រកួតប្រជែងសេដ្ឋកិច្ចជាមួយប្រទេសចិន និងលើកកម្ពស់ «ការកាត់បន្ថយហានិភ័យ» ពីប្រទេសចិន ហើយបានដាក់ចេញនូវវិធានការការពារនិយមមួយចំនួនក្រោមលេសនៃការរក្សា «សន្តិសុខសេដ្ឋកិច្ច​ និងការប្រកួតប្រជែងដោយយុត្តិធម៌»។

លោកបានសង្កត់ធ្ងន់ថា សហភាពអឺរ៉ុបបានដាក់កម្រិតលើឧបករណ៍អេឡិចត្រូនិក 5G និងយានយន្តអគ្គិសនី ដែលជាវិស័យដែលប្រទេសចិន និងសហភាពអឺរ៉ុប​ អាចចូលរួមក្នុងកិច្ចសហប្រតិបត្តិការ ដែល​ផ្តល់ផលប្រយោជន៍ទៅវិញទៅមក ហើយបានចាត់វិធានការរើសអើង និងរឹតត្បិតប្រឆាំង នឹងអាជីវកម្មចិន ដែលបានរំខានដល់ប្រតិបត្តិការដ៏រឹងមាំ និងស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងផ្គត់ផ្គង់សកល៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top