តួលេខស្រាវជ្រាវអះអាងថា ពាក់កណ្តាលជនជាតិជប៉ុន បង្ហាញការគាំទ្រ អន្តរាគមន៍យោធា ចំពោះកោះតៃវ៉ាន់
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT តាមរយៈការស្ទង់មតិ របស់កាសែត Kyodo News បានបង្ហាញថាស្ទើរ តែពាក់កណ្តាល នៃចំនួនប្រជាជនរបស់ប្រទេសជប៉ុន នឹងគាំទ្រដល់អន្តរាគមន៍យោធា ដើម្បីគាំទ្រដល់កោះតៃវ៉ាន់ ក្នុងករណីដែលកោះនេះ នឹងអាចប្រឈមមុខគ្នា ជាមួយទីក្រុងប៉េកាំងឬធ្លាក់ចូលទៅក្នុងជម្លោះ។
នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានប្រាប់សភា កាលពីថ្ងៃសុក្រថា ការប៉ុនប៉ងណាមួយ ដោយទីក្រុងប៉េកាំង ក្នុងការប្រើប្រាស់កម្លាំង ដើម្បីបង្រួបបង្រួម ពេញលេញជាមួយកោះ ដែលគ្រប់គ្រងដោយខ្លួនឯង អាចបង្កើតជា ស្ថានភាពគំរាមកំហែងដល់ការរស់រានមានជីវិត ក្រោមច្បាប់សន្តិសុខរបស់ទីក្រុងតូក្យូ ហើយអាចបង្កឱ្យមាន ការឆ្លើយតបខាងយោធា។
សុន្ទរកថារបស់លោកស្រីនាយករដ្ឋមន្ត្រី បានបង្ហាញពីការផ្លាស់ប្តូរពីរដ្ឋបាលមុន ដែលជាទូទៅជៀសវាងការ ធ្វើសេចក្តីថ្លែងការណ៍បញ្ជាក់លើបញ្ហានេះ។
សារព័ត៌មានបាននិយាយ នៅក្នុងអត្ថបទមួយ កាលពីថ្ងៃអាទិត្យថា យោងទៅតាមការស្ទង់មតិ តាមទូរស័ព្ទរបស់ខ្លួន ដែលពាក់ព័ន្ធនឹងអ្នកឆ្លើយសំណួរ ជាង១០០០នាក់រកឃើញថា សាធារណជនសរុប៤៨,៨ភាគរយ បានគាំទ្រដល់ប្រទេសជប៉ុន ក្នុងការអនុវត្ត សិទ្ធិការពារខ្លួននៅក្នុងព្រឹត្តិការណ៍ នៃការប្រយុទ្ធគ្នានៅច្រកសមុទ្រកោះតៃវ៉ាន់។
គួរឲ្យដឹងដែរថា បន្ទាប់ពីការ កត់សម្គាល់របស់លោកស្រី Takaichi ទីក្រុងប៉េកាំង បានកោះហៅបេសកជន របស់ប្រទេសជប៉ុន នៅក្នុងប្រទេសចិន ដើម្បីចេញការតវ៉ាលើអ្វី ដែលខ្លួនហៅថា ការអត្ថាធិប្បាយដ៏អាក្រក់បំផុត អំពីឆន្ទៈរបស់ទីក្រុងតូក្យូ ក្នុងការការពារកោះតៃវ៉ាន់៕
ប្រែសម្រួល៖ស៊ុនលី
