ព័ត៌មានអន្តរជាតិ

ចិន ជំរុញឱ្យពលរដ្ឋ របស់ខ្លួនពិចារណាឡើងវិញ អំពីការសិក្សានៅប្រទេសជប៉ុន ចំពេលមានជម្លោះការទូត

ប៉េកាំង៖ រដ្ឋាភិបាលចិន បានជំរុញឱ្យពលរដ្ឋរបស់ខ្លួន ពិចារណាឡើងវិញ ដោយប្រុងប្រយ័ត្នអំពីការសិក្សានៅប្រទេសជប៉ុន ដោយលើកឡើង ពីហានិភ័យសុវត្ថិភាព ចំពេលមានជម្លោះការទូតទ្វេភាគី លើមតិយោបល់ថ្មីៗ របស់នាយករដ្ឋមន្ត្រីជប៉ុន លោក Sanae Takaichi លើកោះតៃវ៉ាន់។

ចលនានេះត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃការឆ្លើយតប របស់ទីក្រុងប៉េកាំង ចំពោះការកត់សម្គាល់របស់លោកស្រី Takaichi នៅក្នុងសភានៅថ្ងៃទី ៧ ខែវិច្ឆិកា ដែលខ្លួនបានរិះគន់ យ៉ាងខ្លាំងថា បានបង្កប់ន័យពីការជ្រៀតជ្រែក ប្រដាប់អាវុធរបស់ជប៉ុន ដែលអាចកើតមាននៅក្នុងគ្រាអាសន្នរបស់តៃវ៉ាន់។ នៅថ្ងៃសុក្រថ្មីៗនេះ ប្រទេសចិន ក៏បានជំរុញឱ្យពលរដ្ឋរបស់ខ្លួនជៀសវាងការ ទៅទស្សនាប្រទេសជប៉ុនផងដែរ។

រដ្ឋាភិបាលចិនបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយមិនបង្ហាញទិន្នន័យជាក់លាក់ថា សន្តិសុខសាធារណៈ នៅក្នុងប្រទេសជប៉ុនបានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ។ ខ្លួនបានអះអាងថា ការកើនឡើងនៃសកម្មភាព ឧក្រិដ្ឋកម្ម ដែលផ្តោតលើជនជាតិចិនបង្ហាញថា ពួកគេមិនសូវមានសុវត្ថិភាព នៅក្នុងប្រទេសជប៉ុននោះទេ។

ក្រសួងអប់រំចិន ក៏បានអំពាវនាវ ឱ្យនិស្សិតចិនដែលកំពុងសិក្សានៅប្រទេសជប៉ុនរួចហើយ ក៏ដូចជាអ្នកដែលមានគម្រោង សិក្សានៅទីនោះនាពេលអនាគត តាមដានស្ថានភាពសន្តិសុខយ៉ាងដិតដល់ ពង្រឹងការវាយតម្លៃហានិភ័យរបស់ពួកគេ និងយល់ដឹងកាន់តែច្បាស់ អំពីសុវត្ថិភាពផ្ទាល់ខ្លួន។

គិតត្រឹមខែឧសភា ឆ្នាំ២០២៤ និស្សិតចិនសរុបចំនួន ១២៣.៤៨៥នាក់ បានចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ និងស្ថាប័នអប់រំផ្សេងៗទៀត នៅក្នុងប្រទេសជប៉ុន រួមទាំងសាលាភាសាជប៉ុនផងដែរ នេះបើយោងតាមការស្ទង់មតិ មួយដោយអង្គការសេវាកម្មនិស្សិតជប៉ុន ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាល។

នៅក្នុងចលនាពាក់ព័ន្ធមួយ រដ្ឋាភិបាលហុងកុង បានចេញការព្រមាន សម្រាប់អ្នកធ្វើដំណើរទៅកាន់ប្រទេសជប៉ុន កាលពីថ្ងៃសៅរ៍ ដោយលើកឡើងពី “និន្នាការកើនឡើង នៃឧប្បត្តិហេតុវាយប្រហារ ប្រឆាំងនឹងពលរដ្ឋចិន នៅក្នុងប្រទេសជប៉ុន” ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៥ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top