ទើបចូលកាន់តំណែង ប៉ុន្ដែអត្រាគាំទ្រ សម្រាប់គណៈរដ្ឋមន្ត្រី របស់នាយករដ្ឋមន្ត្រីជប៉ុន កើនឡើងដល់ជិត ៧០ភាគរយ
តូក្យូ៖ ការស្ទង់មតិរបស់ Kyodo News បានបង្ហាញ កាលពីថ្ងៃអាទិត្យថា អត្រាគាំទ្រ សម្រាប់គណៈរដ្ឋមន្ត្រី របស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានកើនឡើងដល់ ៦៩.៩ ភាគរយ កើនឡើង ៥.៥ ពិន្ទុភាគរយ ពីការស្ទង់មតិមុន ដែលធ្វើឡើងភ្លាមៗ បន្ទាប់ពីលោកស្រី ចូលកាន់តំណែងនៅចុងខែមុន។
ការស្ទង់មតិ តាមទូរស័ព្ទ ដែលធ្វើឡើងក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃសៅរ៍ បានរកឃើញថា ៦៩.៦ ភាគរយ នៃអ្នកឆ្លើយតបមាន “ក្តីសង្ឃឹម” សម្រាប់វិធានការបន្ធូរបន្ថយអតិផរណា ក្រោមការដឹកនាំរបស់លោកស្រី Takaichi។ ក្នុងនាមជាអ្នកគាំទ្រនៃការពង្រីកសារពើពន្ធ “ដែលមានទំនួលខុសត្រូវ និងសកម្ម” លោកស្រី Takaichi បានឲ្យដឹងថា រដ្ឋាភិបាលរបស់លោកស្រី នឹងចងក្រងថវិកា បន្ថែមយ៉ាងឆាប់រហ័ស ដើម្បីផ្តល់ហិរញ្ញប្បទានដល់កញ្ចប់ជំរុញសេដ្ឋកិច្ច។
ក្នុងនោះអ្នកដែលនិយាយថា ពួកគេមិនមានការរំពឹងទុក សម្រាប់វិធានការប្រឆាំង អតិផរណាមានចំនួន ២៦.៦ ភាគរយ។ ការស្ទង់មតិបានរកឃើញថា ៥៣.៦ ភាគរយមានការព្រួយបារម្ភតិច ជាងមុនអំពីហិរញ្ញវត្ថុ របស់ប្រទេសជប៉ុន ផ្ទុយពី ៣៩.៣ ភាគរយ ដែលនិយាយផ្ទុយពីនេះ។ លោកស្រី Takaichi បានឲ្យដឹងថា ប្រទេសជប៉ុន អាចជំរុញការចេញមូលបត្រ រដ្ឋាភិបាល ដែលគ្របដណ្តប់លើឱនភាព។
បើប្រៀបធៀបទៅនឹង ២៣.២ ភាគរយនៅក្នុងការស្ទង់មតិមុន អត្រាមិនពេញចិត្តចំពោះគណៈរដ្ឋមន្ត្រីរបស់លោកស្រី Takaichi មានចំនួន ១៦.៥ ភាគរយ ។ យោងតាមការស្ទង់មតិ ៦០.៤ ភាគរយគាំទ្រការបង្កើន ការចំណាយលើវិស័យ ការពារជាតិ ដើម្បីជំរុញសមត្ថភាពការពារជាតិ របស់ប្រទេសជប៉ុន ខណៈដែល ៤៨.៨ ភាគរយគាំទ្រ ការអនុវត្តសិទ្ធិ របស់ខ្លួន ក្នុងការការពារខ្លួនរួមគ្នា ក្នុងករណីមាន អាសន្ននៅតៃវ៉ាន់។
អត្រាផ្ទុយគ្នាមានចំនួន ៣៤.៧ ភាគរយ និង ៤៤.២ ភាគរយរៀងៗខ្លួន។ កាលពីដើមខែនេះ លោកស្រី Takaichi បានឲ្យដឹងនៅក្នុងសភាថា គ្រាអាសន្ននៅតៃវ៉ាន់ ដែលពាក់ព័ន្ធនឹងការប្រើប្រាស់កម្លាំងយោធាអាចត្រូវបានទទួលស្គាល់ថាជា “ស្ថានភាពគំរាមកំហែង ដល់ការរស់រានមានជីវិត” សម្រាប់ប្រទេសជប៉ុន ក្រោមច្បាប់សន្តិសុខរបស់ខ្លួន ដែលអាចអនុញ្ញាតឱ្យខ្លួនអនុវត្ត សិទ្ធិការពារខ្លួនរួមគ្នា៕
ប្រែសម្រួល ឈូក បូរ៉ា
