សកម្មជនប្រឆាំងរបស់ថៃ នឹងធ្វើបាតុកម្មនៅមុខស្ថានទូត ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ប្រឆាំងនឹងអ្វីដែលគេហៅថា ជាជ្រៀតជ្រែករបស់លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី
បរទេស÷ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ សកម្មជននយោបាយ របស់ថៃ លោក Jatuporn Prompan ដែលជាឥស្សរជនសំខាន់ម្នាក់ នៃក្រុមសមាហរណកម្មប្រជាជន បានប្រកាសនៅក្នុងកម្មវិធីផ្សាយផ្ទាល់ តាមហ្វេសប៊ុករបស់លោកថា “ប្រទេសថៃត្រូវតែដំបូងគេ – អធិបតេយ្យភាព!” ហើយ ថាក្រុមនេះ រួមជាមួយបណ្តាញនិស្សិត និងសង្គមស៊ីវិល នឹងធ្វើការតវ៉ានៅថ្ងៃទី២២ ខែវិច្ឆិកា នៅមុខស្ថានទូតម៉ាឡេស៊ី និងសហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ថា បាតុកម្មនេះមាន គោលបំណង ប្រឆាំងនឹងអ្វីដែលលោកបានពិពណ៌នាថាជាការជ្រៀតជ្រែករបស់ប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក Anwar Ibrahim ក្នុងអធិបតេយ្យភាព របស់ប្រទេសថៃ លើជម្លោះព្រំដែន ដែលកំពុងកើនឡើងជាមួយប្រទេសកម្ពុជា បន្ទាប់ពីមានការចោទប្រកាន់ថា កងកម្លាំងកម្ពុជាបានដាក់មីនថ្មីនៅក្នុងទឹកដីថៃ ឧប្បត្តិហេតុមួយដែលបានធ្វើឱ្យទាហានថៃ ម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ។
លោក Jatuporn បានចោទលោក Trump ថា បានប្រើប្រាស់លោក Anwar ជាបណ្តាញមួយ ដើម្បីចូលរួមជាមួយទីក្រុងវ៉ាស៊ីនតោន ក្នុងការចរចាទ្វេភាគីរវាងថៃ និងកម្ពុជា ទោះបីជាកម្ពុជាបានរំលោភ លើកិច្ចព្រមព្រៀង បោសសម្អាតមីនក៏ដោយ។
ចំណែកលោកនាយករដ្ឋមន្ត្រី ថៃ Anutin Charnvirakul បានដាក់ពាក្យ បណ្តឹងរួចហើយ និងបានផ្អាកកិច្ចព្រមព្រៀង សន្តិភាពទីក្រុងគូឡាឡាំពួរ ជាបណ្តោះអាសន្ន ដោយរង់ចាំការ បន្ធូរបន្ថយភាពតានតឹង។
ទោះជាយ៉ាងណាក៏ដោយ លោកបានរិះគន់ក្រុមប្រឆាំងថៃ ចំពោះការបកស្រាយជំហរ របស់លោក Anutin ថាជា “ការប្រឆាំងនឹង” លោក Trump ដោយព្រមានថា វានឹងប៉ះពាល់ ដល់ការចរចាពន្ធគយ របស់ប្រទេសថៃ ជាមួយសហរដ្ឋអាមេរិក ។
ប្រែសម្រួល: ណៃ តុលា
