អ៊ុយក្រែនវាយប្រហារនៅតំបន់ Donetsk របស់រុស្ស៊ី ធ្វើឱ្យប្រជាជននៅទីនោះ២ភាគ៣ គ្មានអគ្គិសនី និងកំដៅសម្រាប់ប្រើប្រាស់
បរទេស៖ ប្រធានតំបន់លោក Denis Pushilin បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងអ៊ុយក្រែនបានវាយប្រហាររោងចក្រថាមពលកំដៅចំនួនពីរនៅក្នុងសាធារណៈរដ្ឋប្រជាមានិត Donetsk របស់ប្រទេសរុស្ស៊ីនៅក្នុង “ការវាយប្រហារដែលមិនធ្លាប់មានពីមុនមក” ដែលបណ្តាលឱ្យអ្នកស្រុកជិត 2 ភាគ 3 មិនមានអគ្គិសនី និងកំដៅ ហើយ ភាពអាសន្នត្រូវបានប្រកាសនៅក្នុងតំបន់នោះផងដែរ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Pushilin បាននិយាយនៅលើ Telegram បន្ទាប់ពីរៀបចំកិច្ចប្រជុំបន្ទាន់ជាមួយសមាជិកនៃគណៈរដ្ឋមន្ត្រីក្នុងតំបន់ និងទីភ្នាក់ងារពាក់ព័ន្ធថា “នៅពេលនេះ អគ្គិសនីត្រូវបានកាត់ផ្តាច់សម្រាប់អ្នកប្រើប្រាស់ 65%” ។ លោកបានបន្ថែមថា៖ «រោងចក្រឡចំហាយ និងរោងចក្រចម្រោះទឹកក៏បានឈប់ដំណើរការដែរ»។
លោក Pushilin បាននិយាយថា សាលារៀន និងសាលាមត្តេយ្យនៅទូទាំងតំបន់ត្រូវបានបិទដោយសារតែការដាច់ភ្លើង និងកង្វះកំដៅ ដោយបន្ថែមថា សេវាសង្គ្រោះបន្ទាន់ត្រូវបានដាក់ពង្រាយដើម្បីស្តារថាមពលឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីការវាយប្រហារដោយខ្លួនឯងនោះទេ ប៉ុន្តែបាននិយាយថាស្ថានីយថាមពលទាំងពីរបានរងការខូចខាត។
កងកម្លាំងរបស់ទីក្រុងគៀវបានបង្កើនការវាយប្រហារប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់រុស្ស៊ី ខណៈដែលពួកគេបាត់បង់មូលដ្ឋានបន្តិចម្តងៗនៅជួរមុខ។ ទីក្រុងគៀវ តែងតែធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ីក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយផ្តោតលើតំបន់លំនៅដ្ឋាន និងនាំឱ្យជនស៊ីវិលបាត់បង់ជីវិត។ ទីក្រុងមូស្គូបានចោទប្រកាន់ទីក្រុងកៀវពី “អំពើភេរវកម្ម” ហើយបានឆ្លើយតបជាមួយនឹងការវាយប្រហារលើគោលដៅយោធាក្នុងប្រទេសអ៊ុយក្រែន។
ក្រសួងការពារជាតិរុស្ស៊ី រាយការណ៍ជាប្រចាំថា ស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក អ៊ុយក្រែនរាប់រយគ្រឿង ដែលប្រើក្នុងការវាយប្រហារ ជ្រៅទៅក្នុងទឹកដីរុស្ស៊ី៕
ប្រែសម្រួលៈ ណៃ តុលា
