ព័ត៌មានអន្តរជាតិ

អាមេរិក​ បន្តជំរុញសន្តិភាពអ៊ុយក្រែន ជាមួយនឹងផែនការថ្មី ចំនួន ២៨ ចំណុច

វ៉ាស៊ីនតោន៖​ រដ្ឋបាលលោក ដូណាល់​ ត្រាំ​ បានរៀបចំផែនការថ្មី ចំនួន ២៨ ចំណុច និងបានធ្វើការពិគ្រោះយោបល់ ដោយស្ងប់ស្ងាត់ និងស៊ីជម្រៅជាមួយរុស្ស៊ី ក្នុងការជំរុញឡើងវិញ​ ដើម្បីចាប់ផ្តើមការចរចាសន្តិភាពឡើងវិញ ដែលមានគោលបំណង បញ្ចប់វិបត្តិអ៊ុយក្រែន នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ អនឡាញរបស់សហរដ្ឋអាមេរិក Axios កាលពីថ្ងៃពុធ។

Axios បានចុះផ្សាយថា ផែនការនេះត្រូវបានបំផុស គំនិតដោយការជំរុញ របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក​ ដូណាល់​ ត្រាំ សម្រាប់កិច្ចព្រមព្រៀង នៅតំបន់ហ្គាហ្សា។

យោងតាមរបាយការណ៍ លោក Steve Witkoff បេសកជនពិសេស របស់សហរដ្ឋអាមេរិកប្រចាំនៅមជ្ឈិមបូព៌ា កំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែង​ ដើម្បីបង្កើតផែនការនេះ ដែលត្រូវបានរៀបចំជាបួនផ្នែកធំៗ៖ សន្តិភាពនៅអ៊ុយក្រែន ការធានាសន្តិសុខ សន្តិសុខនៅអឺរ៉ុប និងទំនាក់ទំនងនាពេលអនាគត របស់សហរដ្ឋអាមេរិកជាមួយរុស្ស៊ី និងអ៊ុយក្រែន។

លោកប្រធានាធិបតីបានបញ្ជាក់យ៉ាងច្បាស់ថា ដល់ពេលត្រូវបញ្ឈប់ការសម្លាប់រង្គាល ហើយធ្វើកិច្ចព្រមព្រៀងមួយ​ ដើម្បីបញ្ចប់សង្គ្រាមហើយ ។ លោកដូណាល់​ ត្រាំ​ ជឿជាក់ថា មានឱកាសបញ្ចប់សង្គ្រាមដ៏គ្មានន័យនេះ ប្រសិនបើភាពបត់បែនត្រូវបានបង្ហាញ។

របាយការណ៍នេះបានឧ្យដឹងថា របៀបដែលផែនការនេះ ដោះស្រាយបញ្ហាចម្រូង ចម្រាសបំផុតមួយចំនួន ជាពិសេសការគ្រប់គ្រងទឹកដី នៅភាគខាងកើតអ៊ុយក្រែន នៅតែមិនច្បាស់លាស់ ក៏ដូចជាប្រតិកម្មពីទីក្រុងគៀវ និងសម្ព័ន្ធមិត្តអឺរ៉ុប របស់ខ្លួនផងដែរ ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top