ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ បដិសេធការចាប់ផ្តើមកិច្ចចរចា នុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួង ការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានបដិសេធការអះអាងថ្មីៗ របស់ប្រធានាធិបតីអាមេរិកថា ទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន​ កំពុងធ្វើកិច្ចចរចានុយក្លេអ៊ែរ។

លោកបានធ្វើការកត់សម្គាល់នេះ នៅក្នុងសុន្ទរកថា មួយទៅកាន់អ្នកយកព័ត៌មាន នៅទីក្រុងតេអេរ៉ង់ មួយថ្ងៃបន្ទាប់ពីប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា សហរដ្ឋអាមេរិកកំពុងនិយាយជាមួយអ៊ីរ៉ង់ ហើយទីក្រុងតេអេរ៉ង់​ ចង់ធ្វើកិច្ចព្រមព្រៀងមួយ «យ៉ាងខ្លាំង»។

នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃអង្គារ ជាមួយព្រះអង្គម្ចាស់ រាជទាយាទអារ៉ាប៊ីសាអូឌីត ម៉ូហាម៉េដ ប៊ីន សាល់ម៉ាន់ នៅឯសេតវិមាន លោក ត្រាំ បានឧ្យដឹងថា «យើងកំពុងនិយាយជាមួយពួកគេ ហើយយើងចាប់ផ្តើមដំណើរការមួយ។ ប៉ុន្តែវានឹងជារឿងល្អក្នុងការមានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់»។

លោក Baghaei បានសង្កត់ធ្ងន់ថា «បច្ចុប្បន្នមិនមានដំណើរការចរចារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកនោះទេ»​ នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

លោកបានចង្អុលបង្ហាញពីកំណត់ត្រារបស់សហរដ្ឋអាមេរិក​ ក្នុងការខកខានមិនគោរព តាមការសន្យារបស់ខ្លួន និងការដាក់ចេញនូវ «ការទាមទារហួសហេតុ» ដោយបញ្ជាក់ជាថ្មីថា មិនមានហេតុផលឡូជីខល ណាមួយសម្រាប់ ការធ្វើកិច្ចចរចាជាមួយភាគីមួយ ​ដែលមិនមើលឃើញការចរចា ជាដំណើរការទ្វេភាគី មានមោទនភាពចំពោះ «សកម្មភាពឈ្លានពានយោធាខុសឆ្គង» របស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ និងប្រជាជនអ៊ីរ៉ង់នោះទេ៕

To Top