បរទេស៖យោងតាមការ សារព័ត៌មានក្នុងស្រុក VnExpress បានរាយការណ៍កាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីអាជ្ញាធរ គ្រប់គ្រងគ្រោះមហន្តរាយ និង ទំនប់ទឹកវៀតណាមថា ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅភាគកណ្តាលប្រទេសវៀតណាម បានបណ្តាលឲ្យមនុស្ស៤១នាក់ បាត់បង់ជិវិតនិង៩នាក់ទៀតបាត់ខ្លួន។
ទឹកជំនន់ក៏បានបំផ្លាញផ្ទះចំនួន១៦៧ខ្នង និងជន់លិចជាង៥២០០០ខ្នងទៀត ខណៈដែលដំណាំជាង ១៣០០០ហិកតា ដើមឈើហូបផ្លែជិត២១០០ហិកតា វារីវប្បកម្មចំនួន ៨៨ហិកតា និងសត្វពាហនៈ និងបសុបក្សីជាង៣០៧០០ក្បាលត្រូវបានបាត់បង់។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបន្ថែមថា សេវាកម្មដឹកជញ្ជូនក្នុងតំបន់ ត្រូវបានរំខានយ៉ាងខ្លាំង ដោយសាជីវកម្មផ្លូវដែកវៀតណាម បានផ្អាករថភ្លើងដឹកអ្នកដំណើរចំនួន១៤គ្រឿងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
យោងតាមរបាយការណ៍ដដែលបានឱ្យដឹងទៀតថា ការដាច់ភ្លើងក៏បានប៉ះពាល់ដល់អតិថិជនជាង១លាននាក់នៅទូទាំងខេត្តមួយចំនួនផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
