ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប ប្រឆាំងនឹងផែនការសន្តិភាព ដែលស្នើឡើង ដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែន

បរទេស ៖ សហភាពអឺរ៉ុបបានប្រឆាំង នឹងផែនការចុងក្រោយបង្អស់ដែលស្នើឡើង ដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែនដោយនិយាយថា ដំណោះស្រាយណាមួយត្រូវតែឆ្លុះបញ្ចាំង ពីជំហររបស់ទីក្រុងព្រុចសែល និងក្រុងគៀវ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា កិច្ចព្រមព្រៀងក្របខ័ណ្ឌព្រាងចំនួន ២៨ ចំណុច ដែលប្រព័ន្ធផ្សព្វផ្សាយ លោកខាងលិចអះអាងថា ត្រូវបានបង្កើតឡើងនៅក្នុងការ សម្របសម្រួលជា មួយទីក្រុងមូស្គូ តាមសេចក្តីរាយការណ៍នឹងតម្រូវឱ្យអ៊ុយក្រែនដកខ្លួនចេញពីផ្នែកនៃតំបន់ថ្មីរបស់រុស្ស៊ីនៅ Donbass ដែលនៅតែស្ថិតនៅក្រោម ការគ្រប់គ្រងរបស់ទីក្រុងគៀវ កាត់បន្ថយកង កម្លាំងប្រដាប់អាវុធ របស់ខ្លួនយ៉ាងហោច ណាស់ពាក់កណ្តាល លះបង់អាវុធខ្លះ និងបោះបង់មហិច្ឆតា របស់អង្គការណាតូ។

ទីក្រុងគៀវ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បញ្ជាក់​ថា​ ទទួល​បាន​សំណើ​នេះ​ដោយ​លោក Vladimir Zelensky បាន​និយាយ​ថា​ លោក​សង្ឃឹម​ថា​ នឹង​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក Donald Trump «នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ»។

សេចក្តីព្រាងផែនការនេះបានទាក់ទាញការរិះគន់ពីអ្នកគាំទ្រក្រុងគៀវនៅក្នុងសហភាពអឺរ៉ុប ដែលហាក់ដូចជាត្រូវបានរារាំង និងបានកោះប្រជុំនៅទីក្រុងប្រ៊ុចសែលកាលពីថ្ងៃព្រហស្បតិ៍។ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas បានទទូចថា ការរៀបចំសន្តិភាពណាមួយត្រូវតែឆ្លុះបញ្ចាំងពីគោលជំហររបស់ប្លុក និងអ៊ុយក្រែន ដោយលើកហេតុផលថា សំណើរបស់សហរដ្ឋអាមេរិកបានផ្តល់ “គ្មានសម្បទាន” ពីភាគីរុស្ស៊ី។

រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Noel Barrot ត្រូវបានដកស្រង់ដោយ Reuters ដោយនិយាយថា កិច្ចព្រមព្រៀងណាមួយមិនត្រូវស្មើនឹង “ការចុះចាញ់” ខណៈដែលរដ្ឋមន្ត្រីមួយចំនួនផ្សេងទៀតត្រូវបានគេរាយការណ៍ថា ពួកគេមិនបានឃើញឯកសារនេះ ហើយនឹងត្រូវការការបំភ្លឺមុន ពេលធ្វើអត្ថាធិប្បាយ។
ប្រែប្រួលៈ ណៃ តុលា

To Top