ព័ត៌មានអន្តរជាតិ

ក្រុមហាម៉ាស់ ចោទប្រកាន់អ៊ីស្រាអែល ពីបទរំលោភលើ បទឈប់បាញ់ ដោយការផ្លាស់ប្តូរ បន្ទាត់ ពណ៍លឿង នៃតំបន់ហ្គាហ្សា

ហ្គាហ្សា៖ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ ដែលគ្រប់គ្រងដោយហាម៉ាស់ បានចោទប្រកាន់យោធាអ៊ីស្រាអែលពីបទ “រំលោភយ៉ាងច្បាស់លាស់” លើកិច្ចព្រមព្រៀងឈប់បាញ់ ដោយអះអាងថា អ៊ីស្រាអែល បានពង្រីកព្រំដែនខ្សែលឿង ដែលរឹតត្បិតប្រតិបត្តិការរបស់ខ្លួននៅភាគខាងកើត នៃទីក្រុងហ្គាហ្សា ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យហាម៉ាស់ បានចោទប្រកាន់ថាកងទ័ពអ៊ីស្រាអែលបានប្រព្រឹត្ត “ទង្វើឈ្លានពានថ្មី” ដោយការរុញច្រាន ចូលទៅក្នុងភាគខាងកើត នៃទីក្រុងហ្គាហ្សា និងផ្លាស់ទីសញ្ញាសម្គាល់ពណ៌លឿង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សេចក្តីថ្លែងការណ៍នេះបានអះអាងថាកងទ័ពបានពង្រីកខ្សែលឿងចំនួន ៣០០ ម៉ែត្រចូលទៅក្នុងសង្កាត់ Al-Shaaf, Al-Nazzaz និង Baghdad ដោយបន្ថែមថា ចលនានេះបានបណ្តាល ឱ្យមានការឡោមព័ទ្ធគ្រួសាររាប់សិបគ្រួសារ ដែលមិនអាចចាកចេញបាន បន្ទាប់ពីរថក្រោះបានចូលទៅក្នុង តំបន់នោះដោយមិននឹកស្មានដល់ ។ ការិយាល័យបានកត់សម្គាល់ថា ជោគវាសនារបស់គ្រួសារ ជាច្រើនទាំងនេះនៅតែមិនទាន់ដឹង នៅឡើយក្នុងចំណោមការបាញ់ផ្លោង ជាបន្តបន្ទាប់នៅក្នុងតំបន់ជុំវិញ ។

ខ្សែលឿងបម្រើជាព្រំដែនដាក់ពង្រាយឡើងវិញរបស់យោធាអ៊ីស្រាអែល ក្រោមដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងឈប់បាញ់។ ផែនទីបង្ហាញថា ព្រំដែនលាតសន្ធឹងពី ១.៥ ទៅ ៦.៥ គីឡូម៉ែត្រនៅខាងក្នុងតំបន់ហ្គាហ្សា ពីព្រំដែនខាងកើត ដែលគ្របដណ្តប់ប្រហែល ៤៧ ភាគរយនៃតំបន់ជុំវិញ។ ខ្សែបន្ទាត់នេះបំបែកតំបន់ហ្គាហ្សាទៅជាតំបន់ភាគខាងកើត ក្រោមការត្រួតពិនិត្យរបស់យោធាអ៊ីស្រាអែល និងតំបន់ភាគខាងលិច ដែលប្រជាជនប៉ាឡេស្ទីនមានការ រឹតបន្តឹងតិចជាងលើការធ្វើដំណើរ ។

ការិយាល័យក្រុមហាម៉ាស់ បានអំពាវនាវដល់អ្នកសម្របសម្រួល និងអ្នកធានា នៃកិច្ចព្រមព្រៀងនេះ ឱ្យធ្វើអន្តរាគមន៍ និងបង្ខំឱ្យអ៊ីស្រាអែល គោរពតាមលក្ខខណ្ឌ នៃបទឈប់បាញ់។ ទន្ទឹមនឹងនេះ អាជ្ញាធរសុខាភិបាល ដែលមានមូលដ្ឋាននៅហ្គាហ្សា បានឲ្យដឹងនៅក្នុងរបាយការណ៍ ប្រចាំថ្ងៃរបស់ខ្លួនថា មនុស្ស ៣៣ នាក់ត្រូវបានសម្លាប់ និង ៨៨ នាក់រងរបួសក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។

អាជ្ញាធរបានរាយការណ៍ថា មនុស្ស ៣១២ នាក់ត្រូវបាន សម្លាប់ និង ៧៦០ នាក់ផ្សេងទៀតរងរបួស ចាប់តាំងពីកិច្ចព្រមព្រៀង បទឈប់បាញ់ចូលជាធរមាន នៅថ្ងៃទី ១០ ខែតុលា ខណៈដែលសាកសពចំនួន ៥៧២ នាក់ត្រូវបានរកឃើញពីក្រោមគំនរបាក់បែកក្នុងអំឡុងពេលដូចគ្នា ដែលនាំឱ្យចំនួនអ្នកស្លាប់ដោយសារសង្គ្រាមនៅហ្គាហ្សា កើនឡើងដល់ ៦៩,៥៤៦ នាក់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top