វិមានក្រឹមឡាំងអះអាងថា គ្មានការពិគ្រោះយោបល់ រវាងរុស្ស៊ី-អាមេរិក កំពុងដំណើរការលើការ ដោះស្រាយជម្លោះនៅ អ៊ុយក្រែននោះទេ
មូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ទីក្រុងមូស្គូ និង ទីក្រុងវ៉ាស៊ីនតោននៅតែទាក់ទងគ្នា ប៉ុន្តែមិនមានការពិគ្រោះយោបល់ លើអ៊ុយក្រែនទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Peskov បានប្រាប់អ្នកយកព័ត៌មានថា “ពិតជាមានទំនាក់ទំនងមែន ប៉ុន្តែគមានដំណើរការមួយដែលអាចហៅថា ការពិគ្រោះយោបល់នោះទេ វាមិនទាន់ដំណើរការនៅឡើយទេ” ដោយធ្វើអត្ថាធិប្បាយលើការពិគ្រោះយោបល់ ដែលអាចកើតមានលើការសម្រេច បាននូវសន្តិភាពនៅអ៊ុយក្រែន។
លោក Peskov បានលើកឡើងថា រុស្ស៊ីនៅតែបើកចំហ ចំពោះការដោះស្រាយជម្លោះនៅអ៊ុយក្រែន ប៉ុន្តែវាត្រូវតែនាំទៅរក “ការលុបបំបាត់មូលហេតុចម្បង នៃជម្លោះនេះ” ។ លោកបានបន្ថែមថា “គ្រប់ពេលវេលា” គឺជាឱកាសដើម្បីដោះស្រាយជម្លោះ តាមរយៈមធ្យោបាយនយោបាយ និងការទូត។
ពីមុន របាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយបានដកស្រង់ ប្រភពដែលបានឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងបង្កើតសំណើថ្មីមួយ ដើម្បីដោះស្រាយជម្លោះ នៅអ៊ុយក្រែន ហើយកំពុងធ្វើការពិគ្រោះយោបល់ ជាមួយរុស្ស៊ីលើរបៀបវារៈនេះ៕
ប្រែសម្រួល ឈូក បូរ៉ា
