ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ចោទប្រកាន់ទាហានម្នាក់ ពីបទអនុវត្តភារកិច្ច សម្រាប់ចារកម្មអ៊ីរ៉ង់

យេរូសាឡឹម៖ អាជ្ញាធរអ៊ីស្រាអែល បានឲ្យដឹងថា ពួកគេបានចោទប្រកាន់ទាហាន អ៊ីស្រាអែលអាយុ ២២ ឆ្នាំម្នាក់ពីបទអនុវត្តភារកិច្ចចារកម្ម ក្នុងនាមចារកម្មអ៊ីរ៉ង់ បន្ទាប់ពីការចាប់ខ្លួនរូបគេ កាលពីខែមុន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ាងរសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ទីភ្នាក់ងារសន្តិសុខផ្ទៃក្នុង Shin Bet និងប៉ូលីសបានឲ្យដឹងថា ទាហានម្នាក់ដែលមានឈ្មោះថា Rafael Reuveni ដែលជាអ្នករស់នៅភាគខាងត្បូង នៃទីក្រុង Beersheba “បានរក្សាទំនាក់ទំនងជាមួយភ្នាក់ងារចារកម្មអ៊ីរ៉ង់ និងបានធ្វើសកម្មភាព ក្រោមការដឹកនាំរបស់ពួកគេដោយចេតនា”។

យោងតាមសេចក្តីថ្លែងការណ៍នេះ លោក Reuveni ត្រូវបានចោទប្រកាន់ពីបទទាក់ទងភ្នាក់ងារបរទេស និងផ្តល់ព័ត៌មានដល់អ៊ីរ៉ង់។ យោងតាមសេចក្តីថ្លែងការណ៍ មួយផ្សេងទៀត ដែលចេញផ្សាយដោយការិយាល័យរដ្ឋអាជ្ញា លោក Reuveni បានអនុវត្តភារកិច្ចដូចជាការថតឧទ្យានមួយ ការកត់ត្រាចំណតឡានក្រុង និងការថតសកម្មភាពនៅក្នុងផ្សារទំនើបមួយ។

ក្នុងករណីមួយ រូបគេត្រូវបានបញ្ជូនទៅទីក្រុង Rishon LeZion ភាគខាងត្បូងនៃទីក្រុង Tel Aviv ដើម្បីពិនិត្យមើលថាតើកាំភ្លើងខ្លី ដែលលាក់ទុកនៅទីតាំង មួយជារបស់ពិត ឬជារបស់ក្មេងលេង។ បន្ទាប់ពីបដិសេធមិនព្រមប្រគល់កាំភ្លើងទៅឱ្យអ្នកដទៃ ទាហានម្នាក់នេះ ត្រូវបានគេប្រាប់ឱ្យផ្លាស់ទីវាទៅកន្លែងផ្សេងជាថ្នូរនឹងប្រាក់ ២,០០០ shekels (ប្រហែល ៦១៦ ដុល្លារអាមេរិក)។

រដ្ឋអាជ្ញាបានឲ្យដឹងថា Reuveni ក៏បានផ្តល់ព័ត៌មានអំពីមូលដ្ឋានយោធាដែលរូបគេបានបម្រើការ រួមទាំងព័ត៌មានលម្អិតអំពីកម្លាំងមនុស្ស និងនីតិវិធីសង្គ្រោះបន្ទាន់ ហើយបានសន្យាថា នឹងធ្វើបច្ចុប្បន្នភាពភ្នាក់ងារប្រសិនបើមូលដ្ឋានបានផ្លាស់ប្តូរទៅមូលដ្ឋានក្នុងសម័យសង្គ្រាម។ ក្រោយមករូបគេត្រូវ បានស្នើសុំឱ្យផ្តល់ព័ត៌មានលម្អិតអំពីបុគ្គលផ្សេងទៀត សម្រាប់ការជ្រើសរើសដែលអាចធ្វើទៅបាន និងដើម្បីយកស៊ីមកាត ពីហាងកាហ្វេមួយ ទោះបីជារូបគេរកមិនឃើញក៏ដោយ ។ សរុបមក ភ្នាក់ងារអ៊ីរ៉ង់បានផ្ទេរប្រាក់ប្រហែល ២,៧០០ ដុល្លារអាមេរិកទៅឱ្យ Reuveni តាមរយៈកាបូបឌីជីថល នេះបើយោងតាមការិយាល័យរដ្ឋ អាជ្ញាអ៊ីស្រាអែល៕
ប្រែសម្រួល ឈូក បូរ៉ា

To Top