កងកម្លាំងរុស្ស៊ី វាយដណ្តើមយកបានទីក្រុង សំខាន់នៅក្នុងតំបន់ Kharkov របស់អ៊ុយក្រែន
មូស្គូ៖ ប្រធានអគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី លោក Valery Gerasimov បានឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានដណ្តើមយកទីក្រុងយុទ្ធសាស្ត្រ Kupyansk ក្នុងតំបន់ Kharkov ភាគខាងកើតអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
លោក Gerasimov បានរាយការណ៍ទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ឲ្យដឹងថា អង្គភាពនៃក្រុម Zapad (ភាគខាងលិច) បានដណ្តើមយកទីក្រុង Kupyansk ហើយកំពុងបន្តបំផ្លាញកងកម្លាំងអ៊ុយក្រែន ដែលឡោមព័ទ្ធនៅច្រាំងខាងឆ្វេងនៃទន្លេ Oskol។ លោក Gerasimov បានលើកឡើងថា ការឈានទៅមុខកំពុងដំណើរការនៅ Krasnoarmeysk ដែលជាទីក្រុងយុទ្ធសាស្ត្រមួយផ្សេងទៀតនៅភាគខាងកើតអ៊ុយក្រែន ដោយបន្ថែមថា ជាង ៧៥ ភាគរយនៃទឹកដីទីក្រុងឥឡូវនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។
កងទ័ពរុស្ស៊ី បានដណ្តើមយកភូមិចំនួន ១៣ ចាប់តាំងពីដើមខែវិច្ឆិកាមក ហើយក្នុងនោះចំនួននៅក្នុងតំបន់ Dnipropetrovsk និង ៧នៅក្នុងតំបន់ Zaporizhzhia ។ ទីក្រុង Kupyansk គឺជាមជ្ឈមណ្ឌលភស្តុភារកម្មដ៏សំខាន់ និងជាបន្ទាយការពារសម្រាប់កងកម្លាំង អ៊ុយក្រែននៅក្នុងតំបន់ Kharkov។ រុស្ស៊ី ពីមុនបានគ្រប់គ្រងទីក្រុងនេះចាប់ពីខែកុម្ភៈ ដល់ខែកញ្ញា ឆ្នាំ២០២២ ដែលក្នុងអំឡុងពេលនោះវាបានបម្រើការ ជាមជ្ឈមណ្ឌលរដ្ឋបាលរបស់តំបន់៕
ប្រែសម្រួល ឈូក បូរ៉ា
