រុស្ស៊ី រិះគន់ជាថ្មីម្តងទៀត ចំពោះការលើកឡើង របស់នាយករដ្ឋមន្ត្រីជប៉ុន ទាក់ទងនឹងកោះតៃវ៉ាន់
មូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានរិះគន់ជាថ្មីម្តងទៀតចំពោះការលើកឡើងរបស់នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi ទាក់ទងនឹង តៃវ៉ាន់ ដោយថា ជប៉ុនមិនទាន់ទទួល ស្គាល់កំហុសរបស់ខ្លួន ៨០ ឆ្នាំបន្ទាប់ពីសង្គ្រាម លោកលើកទី ២ នៅឡើយទេ។ អ្នកនាំពាក្យ Maria Zakharova បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃមួយ នៅពេលឆ្លើយសំណួរពីកាសែតស៊ីនហួ ស្តីពីការលើកឡើង ដោយចំហរទាក់ទងនឹងកោះតៃវ៉ាន់ ដែលធ្វើឡើង កាលពីដើមខែនេះ ដោយលោកស្រី Takaichi។
លោកស្រីបានលើកឡើងថា ប្រទេសមួយចំនួន បានប្រកាសយ៉ាងខ្លាំង អំពីការប្តេជ្ញាចិត្ត របស់ពួកគេ ចំពោះគោលការណ៍ចិនតែមួយ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ នៅតែបន្តបង្កើនភាពតានតឹងនៅក្នុងច្រកសមុទ្រតៃវ៉ាន់ និងរារាំងការបង្រួបបង្រួមដោយ សន្តិវិធីរបស់ប្រទេសចិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។
អ្នកនាំពាក្យរូបនេះបានបន្ដថា ពួកគេផ្គត់ផ្គង់អាវុធដល់កោះនេះ ពង្រឹងទំនាក់ទំនងយោធា និងនយោបាយយ៉ាងសកម្ម លើកកម្ពស់អារម្មណ៍បំបែកខ្លួន និងប្រើប្រាស់ខេត្តតៃវ៉ាន់ របស់ប្រទេសចិន ជាឧបករណ៍នៃសម្ពាធ និងការទប់ស្កាត់ភូមិសាស្ត្រនយោបាយ របស់សាធារណរដ្ឋប្រជាមានិតចិន។
លោកស្រី Zakharova បានកត់សម្គាល់ថា ជំហររបស់រុស្ស៊ីលើបញ្ហាតៃវ៉ាន់ គឺជារឿងដែលគេស្គាល់យ៉ាងច្បាស់ ហើយមិនមានការផ្លាស់ប្តូរទេ។ លោកស្រីថា “ភាគីរុស្ស៊ី ទទួលស្គាល់ថា តៃវ៉ាន់ គឺជាផ្នែកសំខាន់មួយរបស់ប្រទេសចិន ហើយប្រឆាំងនឹងឯករាជ្យភាពរបស់កោះនេះក្នុងទម្រង់ណាមួយ”។ លោកស្រីបានបន្ថែមថា បញ្ហាតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ហើយប្រទេសចិនមានហេតុផលស្របច្បាប់គ្រប់បែបយ៉ាងដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។
លោកស្រីបានកត់សម្គាល់ថា រុស្ស៊ី ក្នុងនាមជាមិត្តពិត និងជាដៃគូ ដែលអាចទុកចិត្ត បានរបស់ប្រទេសចិន នៅក្នុងឆាកអន្តរជាតិ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តផ្តល់ការគាំទ្រគ្នាទៅវិញទៅមក យ៉ាងរឹងមាំដល់ប្រទេសចិន លើបញ្ហាទាក់ទងនឹងអធិបតេយ្យភាព និងបូរណភាពទឹកដី រួមទាំងបញ្ហាតៃវ៉ាន់ផងដែរ៕
ប្រែសម្រូល ឈូក បូរ៉ា
