លោក ហ្សេឡិនស្គី ៖ អ៊ុយក្រែន កំពុងប្រឈមមុខ នឹងពេលវេលាដ៏លំបាកបំផុតមួយ ក្នុងអំឡុងពេល នៃការជំរុញសន្តិភាព របស់សហរដ្ឋអាមេរិក
គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឧ្យដឹងថា ប្រទេសរបស់លោកកំពុងប្រឈមមុខនឹង «ពេលវេលាដ៏លំបាកបំផុតមួយ» នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ខណៈដែលខ្លួនកំពុងពិចារណាលើផែនការ សន្តិភាព ២៨ចំណុចដែលស្នើឡើងដោយសហរដ្ឋអាមេរិក។
លោក ហ្សេឡិនស្គី បានឧ្យដឹងនៅក្នុងសុន្ទរកថា របស់លោកទៅកាន់ប្រជាជាតិថា “ឥឡូវនេះយើងកំពុង ស្ថិតក្នុងពេលវេលាដ៏លំបាកបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្ររបស់យើង ។ សម្ពាធលើអ៊ុយក្រែនគឺធ្ងន់ធ្ងរបំផុត។ ឥឡូវនេះ អ៊ុយក្រែនអាចប្រឈមមុខនឹងជម្រើសដ៏លំបាកមួយ៖ ទាំងការបាត់បង់សេចក្តីថ្លៃថ្នូរ ឬហានិភ័យ នៃការបាត់បង់ដៃគូសំខាន់”។
លោកបានលេីកឡេីងថា សប្តាហ៍ក្រោយនឹងមានភាពលំបាកខ្លាំង និងពោរពេញដោយព្រឹត្តិការណ៍ ដោយកត់សម្គាល់ថា លោកមានគម្រោងស្នើជម្រើស ដើម្បីធ្វើវិសោធនកម្មផែនការ របស់សហរដ្ឋអាមេរិក ហើយផលប្រយោជន៍របស់អ៊ុយក្រែនត្រូវតែយកមកពិចារណានៅក្នុងឯកសារ។
លោកបានសង្កត់ធ្ងន់ថា លោកនឹងបង្ហាញអំណះអំណាង បញ្ចុះបញ្ចូល និងផ្តល់ជម្រើសផ្សេងទៀត ប៉ុន្តែនឹងមិនផ្តល់ហេតុផលណាមួយដល់សត្រូវ ដើម្បីអះអាងថា អ៊ុយក្រែនមិនចង់បានសន្តិភាពនោះទេ។
កាលពីថ្ងៃព្រហស្បតិ៍ លោក ហ្សេឡិនស្គី បានប្រកាសថា ភាគីសហរដ្ឋអាមេរិក បានបង្ហាញផែនការមួយដល់លោក ដែលមានគោលបំណង បញ្ចប់ជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី៕
ប្រែសម្រួល ឈូក បូរ៉ា
