ទឹកជំនន់នៅថៃ លិចទាំងព្រលានយន្តហោះ លិចទាំងផ្លូវរថភ្លើង រហូតមានការផ្អាក និងប្តូរជើងហោះហើរ
បរទេស: យោងតាមសារព័ត៌មាន The Nation ចេញផ្សាយ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ថា ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន បានប្រកាសពីវិធានការគាំទ្រ ពិសេសសម្រាប់អ្នកដំណើរ ដែលធ្វើដំណើរទៅ និងមក ពីអាកាសយានដ្ឋានអន្តរជាតិហាតយ៉ៃ ក្នុងប្រទេសថៃ បន្ទាប់ពីមានទឹកជំនន់ធ្ងន់ធ្ងរ នៅទូទាំងស្រុកហាតយ៉ៃ ខេត្តសុងក្លា។

ចំណែកក្រុមហ៊ុនផ្លូវដែករដ្ឋថៃ (SRT) ក៏បានប្រកាសផ្អាកជាបណ្ដោះអាសន្នផងដែរ នូវសេវាកម្មរថភ្លើងភាគខាងត្បូងចំនួន ១០ បន្ទាប់ពីទឹកជំនន់យ៉ាងធ្ងន់ធ្ងរ នៅក្នុងតំបន់មួយចំនួននៅហាតយ៉ៃ និងនៅខេត្តសុងក្លា បានបណ្តាលឱ្យកម្រិតទឹកឡើងលិចផ្លូវរថភ្លើង។
ការផ្អាកនេះចូលជាធរមានចាប់ពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ហើយនឹងនៅតែមានសុពលភាពរហូតដល់ស្ថានភាពប្រសើរឡើង។ អ្នកដំណើរដែលរងផលប៉ះពាល់ទាំងអស់ មានសិទ្ធិទទួលបានប្រាក់សងសំបុត្រពេញលេញ។
យោងតាម SRT ទឹកជំនន់ភ្លាមៗ នៅក្នុងតំបន់ជាច្រើននៃស្រុកហាតយ៉ៃ ខេត្តសុងក្លា បានបណ្តាលឱ្យមានកម្រិតទឹកខ្ពស់ ជាពិសេសតាមបណ្តោយ ផ្នែករវាងស្ថានីយ៍វត្តឃួនមូដេ និងស្ថានីយ៍ឆាណា ដែលវាគ្មានសុវត្ថិភាព សម្រាប់រថភ្លើងឆ្លងកាត់៕
ប្រែសម្រួល: ណៃ តុលា
