នាយករដ្ឋមន្ត្រីចិន ជំរុញឱ្យក្រុមប្រទេស G20 ខិតខំធ្វើកិច្ចសហប្រតិបត្តិការសកល ឱ្យកាន់តែទូលំទូលាយ សម្រាប់ការអភិវឌ្ឍ
បរទេស៖ នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹង ប្រែងរបស់ក្រុមប្រទេស G20 ដើម្បីខិតខំធ្វើកិច្ចសហប្រតិបត្តិការ សកលឱ្យកាន់តែទូលំទូលាយ ដើម្បីរួមគ្នា ដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់ការអភិវឌ្ឍ។ លោក លី បានធ្វើការកត់សម្គាល់នេះ នៅពេលចូលរួមសម័យប្រជុំលើកទីពីរ និងទីបីនៃកិច្ចប្រជុំកំពូល G20 លើកទី 20 ដែលបានងធ្វើឡើងនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
លោក បានលើកឡើងថា ដោយសារបញ្ហា ប្រឈមជាច្រើនដូចជា ការប្រែប្រួលអាកាសធាតុ វិបត្តិថាមពល និងស្បៀងអាហារកំពុងត្រួតស៊ីគ្នា សហគមន៍អន្តរជាតិត្រូវរួបរួមគ្នា ដើម្បីប្រមូលផ្តុំកម្លាំង និងដោះស្រាយបញ្ហាតាមរយៈកិច្ចសហការ ។ ទីមួយ លោក លី បានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ ពង្រឹងកិច្ចសហប្រតិបត្តិការបរិស្ថានវិទ្យា និងការពារបរិស្ថាន និងបង្កើនភាពធន់នៃការអភិវឌ្ឍ។
លោកបានអំពាវនាវឱ្យសេដ្ឋកិច្ច G20 គោរពតាមស្មារតីផ្អែកលើវិទ្យាសាស្ត្រ និងគាំទ្រគោលការណ៍នៃការទទួលខុសត្រូវរួម ប៉ុន្តែខុសគ្នាក្នុងការដោះស្រាយបញ្ហាទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងបរិស្ថានវិទ្យា។ លោកបន្ដថា ទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យបែបនេះ គ្រប់ភាគីទាំងអស់គួរតែបង្ហាញពីការទទួលខុសត្រូវ និងធ្វើសកម្មភាពឱ្យបានឆាប់រហ័ស។
នាយករដ្ឋមន្ត្រីចិនរូបនេះបានបន្ដថា ប្រទេសចិនមានឆន្ទៈក្នុងការបង្កើនកិច្ច សហប្រតិបត្តិការជាមួយគ្រប់ភាគីទាំងអស់ នៅក្នុងក្របខ័ណ្ឌជីវចម្រុះសកល Kunming-Montreal និងពន្លឿនការអនុវត្តលទ្ធផលនៃសន្និសីទលើកទី ៣០ នៃភាគីនានា (COP30) នៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ។
ទីពីរ លោក បានជំរុញកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើថាមពលបៃតង និងជំរុញការផ្លាស់ប្តូរដោយយុត្តិធម៌។ លោកបានអំពាវនាវឱ្យលើកកម្ពស់កិច្ចសហប្រតិបត្តិការសកលក្នុងឧស្សាហកម្មបៃតង រក្សាខ្សែសង្វាក់ឧស្សាហកម្ម និងការផ្គត់ផ្គង់ឱ្យមានស្ថេរភាព និងមិនមានឧបសគ្គ និងសម្រួលដល់លំហូរដោយសេរី និងការអនុវត្តបច្ចេកវិទ្យា និងផលិតផលពាក់ព័ន្ធ ។ លោកបានបន្ថែមថា ប្រទេសចិនត្រៀមខ្លួនជាស្រេច ដើម្បីបន្តខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីគាំទ្រ ដល់ការផ្លាស់ប្តូរថាមពល របស់ប្រទេសផ្សេងៗ។
ទីបី លោកបានលើកឡើងថា កិច្ចសហប្រតិបត្តិការលើសន្តិសុខ ស្បៀង គួរតែត្រូវបានបង្កើន ដើម្បីធានាបាននូវការផ្គត់ផ្គង់ ដែលមានស្ថេរភាព។ លោក បានអំពាវនាវឱ្យបង្កើនប្រសិទ្ធភាពចរាចរ និងការផ្គត់ផ្គង់ស្បៀងអាហារសកល លើកកម្ពស់ភាពជាដៃគូលើទំនិញសំខាន់ៗ ការអភិវឌ្ឍទីផ្សារស្បៀងអាហារ សកលដែលបើកចំហ មានស្ថិរភាព និងប្រកបដោយចីរភាព និងពង្រឹងការផ្គត់ផ្គង់សម្រាប់ប្រទេស ដែលប្រឈមមុខនឹងកង្វះខាតស្បៀងអាហារ៕
