កិច្ចពិភាក្សារវាងអាមេរិក និងអ៊ុយក្រែន លើផែនការសន្ដិភាព ២៨ ចំណុចនៅទីក្រុងហ្សឺណែវ មានវឌ្ឍនភាព ប៉ុន្តែនៅតែមានភាពខុសគ្នា
ហ្សឺណែវ៖ តំណាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន បានឲ្យដឹងថា កិច្ចចរចារបស់ពួកគេនៅទីក្រុងហ្សឺណែវ ស្តីពីផែនការ ២៨ ចំណុច ដើម្បីបញ្ចប់ជម្លោះ រុស្ស៊ី-អ៊ុយក្រែន «មានវឌ្ឍនភាព» ប៉ុន្តែព័ត៌មានលម្អិតមិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ ដោយសារភាពខុសគ្នាត្រូវការបង្រួម នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
បន្ទាប់ពីកិច្ចប្រជុំរវាងគណៈប្រតិភូអ៊ុយក្រែន និងទីប្រឹក្សាសន្តិសុខជាតិ មកពីចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ភាគីអ៊ុយក្រែន បានធ្វើកិច្ចចរចាទ្វេភាគី ជាមួយតំណាង សហរដ្ឋអាមេរិក នៅពេលក្រោយ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Marco Rubio និង លោក Andriy Yermak ប្រធានការិយាល័យប្រធានាធិបតី អ៊ុយក្រែន បានធ្វើសេចក្តីសង្ខេបដល់អ្នកយកព័ត៌មាន និងបានចេញសេចក្តីថ្លែងការណ៍ ដាច់ដោយឡែកពីគ្នា។
លោក Rubio បានឲ្យដឹង ថា កិច្ចចរចានេះគឺជា «មានផលិតភាព និងមានអត្ថន័យបំផុត» ចាប់តាំងពីដំណើរការនេះ បានចាប់ផ្តើម ដោយកត់សម្គាល់ថា គណៈប្រតិភូបានធ្វើការតាមរយៈចំណុចសំខាន់ៗម្តងមួយៗ និងសម្រេចបាន «វឌ្ឍនភាពល្អ»។ លោកបានបន្ដថា ក្រុមនានាឥឡូវនេះ កំពុងពិនិត្យមើលការផ្តល់យោបល់ ដែលបានលើកឡើងក្នុង អំឡុងពេលកិច្ចប្រជុំ និងខិតខំប្រឹងប្រែង ដើម្បីបង្រួមភាពខុសគ្នា មួយចំនួនដែលនៅសល់។
លោកបានបន្ថែមថា ភាគីទាំងពីរ របស់សហរដ្ឋអាមេរិក និង អ៊ុយក្រែន កំពុងខិតជិតដល់អត្ថបទមួយ ដែលពួកគេអាច ព្រមព្រៀងគ្នាបាន ទោះបីជាលទ្ធផលចុងក្រោយ នៅតែត្រូវការការយល់ព្រម ពីប្រធានាធិបតី ទាំងពីរក៏ដោយ។ លោក Yermak បានពិពណ៌នាអំពីការពិភាក្សាជាមួយគណៈប្រតិភូសហរដ្ឋអាមេរិកថា “មានផលិតភាពខ្ពស់” ដោយបញ្ជាក់ថា “វឌ្ឍនភាពល្អណាស់” ត្រូវបានធ្វើឡើងឆ្ពោះទៅរកការសម្រេចបាន “សន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង” ។ លោកបានលើកឡើងថា ភាគីទាំងពីរនឹងបន្តធ្វើការ តាមរយៈសំណើនានាក្នុង រយៈពេលប៉ុន្មានថ្ងៃខាងមុខ ហើយក៏នឹងចូលរួមជាមួយដៃគូអឺរ៉ុបផងដែរ នៅពេលដែលដំណើរការនេះរីកចម្រើនទៅមុខ៕
