ភ្ញៀវទេសចរជាង ៤០០នាក់ ត្រូវបានគេជម្លៀស ចេញពីសណ្ឋាគារចំនួន១៧ ដែលលិចទឹក ក្នុងខេត្ត Songkhla របស់ថៃ ទៅកាន់ទីទួល
បរទេស៖ ក្រុមមន្ត្រីថៃបាននិយាយថា អាជ្ញាធរថៃបានជម្លៀសអ្នកទេសចរជាង ៤០០ នាក់ចេញពីសណ្ឋាគារដែលលិចទឹកនៅស្រុក Hat Yai កាលពីថ្ងៃអាទិត្យ ខណៈដែលភ្លៀងធ្លាក់ខ្លាំងបានបន្តជន់លិចផ្នែកខ្លះ នៃខេត្ត Songkhla ។
យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា របស់ថៃ Sudawan Wangsuphakijkosol បាននិយាយកាលពីថ្ងៃទី ២៤ ខែវិច្ឆិកាថា ភ្នាក់ងារបានធ្វើការជាមួយស្ថានទូត ប្រតិបត្តិករសណ្ឋាគារ និងមន្ត្រីក្នុងតំបន់ ដើម្បីកំណត់ទីតាំងភ្ញៀវដែលជាប់គាំង និងផ្លាស់ទីពួកគេទៅកាន់កន្លែងសុវត្ថិភាព។ អ្នកស្រីថា នាយកដ្ឋានធារាសាស្ត្របានដាក់ពង្រាយរថយន្តធំៗ ដើម្បីចម្លងភ្ញៀវទេសចរបរទេស និងថៃពីតំបន់លិចទឹក ទៅកាន់ទីជម្រកបណ្តោះអាសន្ន ដោយអ្នកស្រីបន្ថែមថា ការផ្គត់ផ្គង់ស្បៀង និងទឹកកំពុងត្រូវបានផ្តល់ជូន។
អ្នកស្រី Sudawan ក៏បានសម្តែងការព្រួយបារម្ភផងដែរអំពីការរៀបចំសម្រាប់ការប្រកួតកីឡាស៊ីហ្គេម ដែលប្រទេសថៃគ្រោងធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី៩-២០ ខែធ្នូ។ ខេត្ត Songkhla គឺជាខេត្តមួយក្នុងចំណោមខេត្តម្ចាស់ផ្ទះទាំងបី ហើយទឹកជំនន់បានប៉ះពាល់ដល់កន្លែងប្រកួត Muay Thai ដែលបានគ្រោងទុក។ អ្នកស្រីបានបន្តថា កន្លែងបម្រុងទុកក្នុងខេត្តត្រូវបានរៀបចំរួចហើយ ហើយកីឡាផ្សេងទៀតអាចដំណើរការឡើងវិញនៅពេលទឹកស្រកចុះ។
អាជ្ញាធរបាននិយាយថា ភ្ញៀវទេសចរណ៍ចំនួន ៤០២ នាក់ មកពីសណ្ឋាគារចំនួន ១៧ ត្រូវបានដឹកជញ្ជូនទៅកាន់ទីជម្រករបស់ក្រុង Hat Yai កាលពីថ្ងៃអាទិត្យ ដោយខ្លះត្រូវបានបញ្ជូនទៅចំណតឡានក្រុងរបស់ទីក្រុង។ ភ្ញៀវម៉ាឡេស៊ីត្រូវបានគេនាំទៅច្រកព្រំដែន Sadao៕
ប្រែសម្រួលៈ ណៃ តុលា
