ប្រទេសចិន បំពេញបន្ថែម ភាពប្រាកដប្រជា ដល់កំណើនសេដ្ឋកិច្ច សាកលខាងត្បូង ក្នុងកិច្ចប្រជុំ G20
ចាប់តាំងពីការឡើងឋានៈរបស់ G20 ដល់កម្រិតប្រមុខរដ្ឋាភិបាលក្នុងឆ្នាំ ២០០៨ មក ប្រទេសចិនបានរួមចំណែក ប្រមូលផ្តុំក្រុមតួនាទីសហប្រតិបត្តិការ ក្នុងការដោះស្រាយវិបត្តិហិរញ្ញវត្ថុសកល នាឆ្នាំ២០០៨ ហើយប្រទេសចិន ពិតជាបានជួយសង្គ្រោះពិភពលោកពីការធ្លាក់ចុះ និងបន្តផ្លាស់ប្តូរ ការយកចិត្តទុកដាក់បញ្ហាអតុល្យភាព នៃសេដ្ឋកិច្ចពិភពលោក ក្នុងឆ្នាំ ២០១០-២០១១។ កិច្ចប្រជុំ G20 កាលពីឆ្នាំ២០២៤ នៅទីក្រុង Rio de Janiero ប្រទេសចិនបានបង្ហាញតួនាទីសំខាន់ ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋ-កិច្ចសកលខាងត្បូង តាមរយៈយុទ្ធសាស្ត្រជាច្រើន ដើម្បីបង្កើនភាពរួមបញ្ចូល និងការរីកចម្រើន សម្រាប់ប្រទេសកំពុងអភិវឌ្ឍ។
កិច្ចប្រជុំកំពូល G20 សម្រាប់ឆ្នាំ២០២៥ នឹងត្រូវប្រព្រឹត្តទៅនៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង នៅថ្ងៃ២២-២៣ ខែវិច្ឆិកានេះ ហើយចំពេលដែលសេដ្ឋកិច្ចសាកលលោក ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ដែលអាចជាគន្លឹះ នៃដំណោះស្រាយ ។ វត្តមានរបស់នាយករដ្ឋមន្ត្រីចិន នឹងផ្តល់សញ្ញាណថ្មី ដែលឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រ និង តួនាទីរបស់ប្រទេសចិន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឱ្យក្លាយជាកម្លាំងដ៏មានស្ថិរភាព សម្រាប់ដៃគូអភិវឌ្ឍន៍ ជាពិសេសសម្រាប់សកលខាងត្បូង។ បើយើងក្រឡេកមើលលើកំណើនសេដ្ឋកិច្ចវិញនៅមានកំណើនយឺត ដែលផលិតផល ក្នុងស្រុកសរុបរបស់ប្រទេស G20 បានកើនឡើងត្រឹមតែ 0.8% ក្នុងត្រីមាសទ១នៃឆ្នាំ២០២៥ ។ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចសាលកខាងត្បូង ក៏ដូចជាសាកលោកឡើងវិញ ប្រទេសចិនមានតួនាទីសំខាន់ជាអ្នកជំរុញការរួមសហការអន្តរជាតិ ដែលជាការចាំបាច់ សម្រាប់ប្រទេសអភិវឌ្ឍន៍ និង ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីចូលរួមដោះស្រាយនូវបញ្ហា សេដ្ឋកិច្ច និង បរិស្ថាន។ ជាមួយគ្នានេះដែរ ប្រទេសចិន ក៏ជាអ្នកផ្តល់ជំនួយនិង វិនិយោគតាមរយៈធនាគារអភិវឌ្ឍន៍ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ក្នុងការបង្កើតសមត្ថភាពសេដ្ឋកិច្ចនៅតំបន់អាស៊ី អាហ្វ្រិក និងអាមេរិកឡាទីនជាដើម ។ ជាក់ស្តែងចិនបានអំពាវនាវឱ្យប្រទេសអភិវឌ្ឍន៍ជួយគាំទ្រ ប្រទេសកំពុងអភិវឌ្ឍ ក្នុងការបង្កើនសមត្ថភាពសេដ្ឋកិច្ច ដោយផ្តល់ជំនួយបច្ចេកវិទ្យា និង ឥណទានអភិវឌ្ឍន៍។ លើសពីនេះទៀត ចិនជាអ្នកជំរុញ សមភាព និងការរួមបញ្ចូល ដោយប្រទេសចិនបានគាំទ្រ ឱ្យប្រទេសសាកលខាងត្បូង មានសិទ្ធិចូលរួមក្នុងការសម្រេចចិត្ត នៃសេដ្ឋកិច្ចសកល ជាពិសេសការចូលរួមក្នុងស្ថាប័នសេដ្ឋកិច្ចអន្តរជាតិ ដូចជា IMF, World Bank និង WTO ដើម្បីធានាថាការសម្រេចចិត្តមានភាព សមមូលនិងមិនត្រូវគ្រប់គ្រង ដោយតែប្រទេសអភិវឌ្ឍន៍នោះទេ។
ចំពោះការរួមចំណែកក្នុងការប្រយុទ្ធ នឹងបញ្ហាបរិស្ថានវិញ ចិនបានលើកឡើងពីដៃគូអភិវឌ្ឍន៍បៃតង ដែលជួយប្រទេសសាកលខាងត្បូង ឱ្យអភិវឌ្ឍដោយគោរពបរិស្ថាន និងប្រើប្រាស់បច្ចេកវិទ្យាបៃតង ។ លើសពីនេះទៀត ចិនបានបង្កើតបណ្តាញសហការ អភិវឌ្ឍន៍តាមរយៈគម្រោង ខ្សែក្រវាត់និងផ្លូវ និង គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល ដោយសហការដែលភ្ជាប់ប្រទេសជាច្រើនក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល កសិកម្ម និងអប់រំ ។
ការលូតលាស់ដ៏លឿន នៃការច្នៃប្រឌិត ប្រទេសចិនគាំទ្រដល់សេដ្ឋកិច្ចពិភពលោក បានរួមចំណែកកំណើនថ្មី និងលើកកម្ពស់រចនាសម្ព័ន្ធកំណើន សេដ្ឋកិច្ចឌីជីថល ដើម្បីបង្កើនសក្តានុពលកំណើនរយៈពេលមធ្យម និងរយៈពេលវែង ដល់សេដ្ឋកិច្ច ។ ម្យ៉ាងវិញប្រទេសចិននៅតែជាជើងឯកនៃសេដ្ឋកិច្ចពិភពលោកបើកចំហរ ដោយដាក់ពាណិជ្ជកម្ម និងការវិនិយោគខ្ពស់ ក្នុងG20 ។ កំណែទម្រង់អភិបាល កិច្ចត្រូវបានបន្តយកចិត្តទុកដាក់ គឺជាការទម្រង់ប្រព័ន្ធអភិបាលកិច្ចសេដ្ឋកិច្ចពិភពលោក ជាពិសេសស្ថាប័នដែលមានស្រាប់ រួមមាន IMF ធានាគារពិភពលោក ក្នុងការឆ្លុះបញ្ចាំងនៃទិដ្ឋភាពសេដ្ឋកិច្ចពិភពលោក។ តួយ៉ាងពាក់ព័ន្ធនឹងការបង្កើនតំណាងនិងសំឡេងនៃប្រទេសកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍន៍ ដើម្បីធានាបាននូវច្បាប់ និងឱកាសកាន់តែសមធម៌ ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ។
ភាពប្រាកដប្រជា នៃសេដ្ឋកិច្ចប្រកបដោយស្ថិរភាពនៃសេដ្ឋកិច្ចរបស់ចិន បង្ហាញពីតួនាទីចិនក្នុងការបង្កើតគន្លងសេដ្ឋកិច្ចដ៏រឹងមាំនិងមានភាពប្រាកដប្រជា ទោះបីជាមាន ខ្យល់ព្យុះបក់ បោកជាសកលក៏ដោយ ខណៈពេលដែលសេដ្ឋកិច្ចនៃប្រទេស G20 មួយចំនួនដូចជាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង មានការធ្លាក់ចុះនៅឆ្នាំ២០២៥នេះ។ ជាក់ស្តែងគន្លងសេដ្ឋកិច្ចដ៏រឹងមាំនេះ បានបង្ហាញជាឧទាហរណ៍មួយអំពីទីក្រុងសិនចិន ដែលប្រែក្លាយពីភូមិនេសាទ និមិត្តរូបនៃការច្នៃប្រឌិតរបស់ប្រទេសសកលខាងត្បូង។ ធាតុដ៏សំខាន់ដែលពង្រឹងភាពប្រាកដប្រជានៃសេដ្ឋកិច្ចសាកលនេះ មានដូចជា ទី១ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ២.០ ដោយផ្តោតលើគុណភាពខ្ពស់ និង និរន្តរភាព ទី២ បច្ចេកវិទ្យា និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ពិសេសលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបច្ចេកវិទ្យាបៃតង ទី៣ ស្ថិរភាពក្នុងស្រុក ជាយុថ្កាសកល កំណត់ជម្រើសថ្មីនៃការដឹកនាំដោយលោកខាងលិច។
ប្រទេសចិន ចាត់ទុកកិច្ចប្រជុំ G20 ថា ជាវេទិកាចម្បង សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ និងជាវេទិកាដ៏សំខាន់ សម្រាប់អភិបាល កិច្ចសេដ្ឋកិច្ចពិភពលោក ដែលសង្កត់ធ្ងន់ លើការច្នៃប្រឌិត ការបើកចំហ ការតភ្ជាប់ទៅវិញទៅមក និងការអភិវឌ្ឍន៍រួម ដើម្បីជំរុញកំណើន សេដ្ឋកិច្ចពិភពលោក ដ៏រឹងមាំ ប្រកបដោយចីរភាព និងតុល្យភាព ខណៈពេលដែលក៏បង្កើនសំឡេង និងតំណាងឱ្យទីផ្សារដែលកំពុងរីកចម្រើន និងប្រទេសកំពុង អភិវឌ្ឍន៍នៅក្នុងទិដ្ឋភាព នៃស្ថាបត្យកម្មហិរញ្ញវត្ថុសកល ។
សរុបមក គន្លងផ្លូវសេដ្ឋកិច្ចថ្មីរបស់ប្រទេសចិន សម្រាប់ប្រទេសសកលខាងត្បូង ជាសមាសធាតុសំខាន់នៃគោលនយោបាយការបរទេស និង គោលនយោបាយសេដ្ឋកិច្ច ដែលមានគោលបំណងបង្កើនឥទ្ធិពលជាសកល និងជំរុញឱ្យមានសណ្តាប់ធ្នាប់អន្តរជាតិថ្មី ដែលមានលក្ខណៈរួមបញ្ចូលជាក្រុម ហើយឱ្យស្របតាមចក្ខុវិស័យនៃវិបុលភាពរួម និង សហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ ដែលប្រទេសសកលខាងត្បូងគួរតែចាប់យកឱកាស និង ការចូលរួមឱ្យបានជាអតិប្បរមា ដើម្បីប្រែក្លាយមុខថ្មីនៃសេដ្ឋកិច្ចជាតិរបស់ខ្លួន។
ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា
