ភាគីចិនផ្ញើសារលិខិត ជូនលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ អំពីការលើកឡើងដ៏ខុសឆ្គង របស់លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន ទាក់ទងនឹងបញ្ហាតៃវ៉ាន់
នៅថ្ងៃទី ២១ ខែវិច្ឆិកា លោក Fu Cong តំណាងចិនប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិ បានផ្ញើសារលិខិតជូនលោក Antonio Guterres អគ្គលេខាធិការអង្គការ សហប្រជាជាតិ ដើម្បីអធិប្បាយពីគោលជំហរ របស់រដ្ឋាភិបាលចិន ចំពោះការលើកឡើងដ៏ខុសឆ្គងរបស់លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនទាក់ទងនឹងបញ្ហាតៃវ៉ាន់ ។
ថ្លែងក្នុងសារលិខិត លោក Fu Cong បានលើកឡើងថា លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន បានប្រើពាក្យសម្តីបង្កហេតុយ៉ាងគឃ្លើនពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់ខណៈពេលចូលខ្លួនបកស្រាយក្នុងកិច្ចប្រជុំនៃរដ្ឋសភាជប៉ុន ដោយបានបង្ហាញពីមហិច្ឆតា ចង់ជ្រៀតជ្រែកក្នុងបញ្ហាតៃវ៉ាន់តាមរយៈកម្លាំងប្រដាប់អាវុធជាលើកដំពូង បញ្ចេញការគំរាមកំហែងដោយកម្លាំងអាវុធ ជាលើកដំបូងចំពោះប្រទេសចិនដែលបានបំពានផលប្រយោជន៍ជាស្នូលរបស់ប្រទេសចិនយ៉ាងកម្រោល ។ ពាក្យសម្តីពាក់ព័ន្ធរបស់លោកស្រី គឺ ខុសឆ្គងនិងមានគ្រោះថ្នាក់ខ្លាំង វាមានចរិតអាក្រក់និងផលប៉ះពាល់ខ្លាំងបំផុត ។
លោក Fu Cong បានសង្កត់ធ្ងន់ថា តៃវ៉ាន់គឺជាទឹកដីដ៏ពិសិដ្ឋរបស់ចិន ។ ប្រសិនបើភាគីជប៉ុន ហ៊ានជ្រៀតជ្រែកក្នុងកិច្ចការច្រកសមុទ្រតៃវ៉ាន់ដោយកម្លាំងប្រដាប់អាវុធដែលបង្កជាទង្វើឈ្លានពាន នោះ ភាគីចិននឹងអនុវត្តយ៉ាងដាច់ខាត នូវសិទ្ធិស្វ័យការពារដែល«ធម្មនុញ្ញអង្គការសហប្រជាជាតិ»និងច្បាប់អន្តរជាតិបានផ្តល់នោះ ដើម្បីគាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាព និងបូរណភាពទឹកដី ៕
