លោកនាយករដ្ឋមន្ត្រីចិន អញ្ជើញចូលរួមកិច្ចប្រជុំ ដំណាក់កាលទីមួយ នៃកិច្ចប្រជុំកំពូលលើកទី២០ របស់ថ្នាក់ដឹកនាំប្រទេស G20 និងថ្លែងសុន្ទរកថា
កាលពីថ្ងៃទី២២ ខែវិចិ្ឆកា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិន បានអញ្ជើញចូលរួមកិច្ចប្រជុំ ដំណាក់កាលទីមួយ នៃកិច្ចប្រជុំកំពូលលើកទី២០ របស់ថ្នាក់ដឹកនាំប្រទេស G20 នៅក្រុង Johannesburg និងថ្លែងសុន្ទរកថា ក្រោមប្រធានបទ “បរិយាប័ន្ននិងកំណើន សេដ្ឋកិច្ចជានិរន្តរភាព”។ លោក Matamela Cyril Ramaphosa ប្រធានាធិបតីអាហ្វ្រិកខាងត្បូង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកនេះ ។
លោក Li Qiang បានថ្លែងថា លោក Xi Jinping ប្រធានរដ្ឋចិន បានលើកឡើងក្នុងកិច្ចប្រជុំកំពូលលើកទី១៧ របស់ថ្នាក់ដឹកនាំប្រទេស G20 ថា សាមគ្គីភាពគឺជាកម្លាំង ការបំបែកបំបាក់គឺគ្មានផ្លូវចេញទេ ។ ប្រឈមមុខនឹង សេដ្ឋកិច្ចពិភពលោកដែលងើបឡើងវិញ ដោយកម្លាំងទន់ខ្សោយ យើងគួរតែប្រកាន់ខ្ជាប់ការរួមគ្នាពុះពារគ្រប់ឧបសគ្គ គាំពារពាណិជ្ជកម្មសេរីយ៉ាងម៉ុតមាំ និងកសាងសេដ្ឋកិច្ចពិភពលោក បែបបើកទូលាយ ។ ភាគីចិនបានចេញផ្សាយ សកម្មភាពរបស់ចិនក្នុងការអនុវត្តប្រកបដោយភាពជាក់ស្តែងនូវ 《គំនិតផ្តួចផ្តើមនៃប្រទេស G20 ស្តីពីការគាំទ្រ ការធ្វើឧស្សាហូបនីយកម្មរបស់អាហ្វ្រិក និងប្រទេសអភិវឌ្ឍន៍តិចតួច》 គាំទ្រ ការបន្ធូរបំណុល របស់ប្រទេសកំពុងអភិវឌ្ឍន៍ រួមជាមួយអាហ្វ្រិកខាងត្បូងលើកឡើង 《គំនិតផ្តួចផ្តើមស្តីពីការគាំទ្រការធ្វើទំនើបកម្មនៅអាហ្វ្រិក》 ព្រមទាំងនឹងបង្កើតវិទ្យាស្ថាន អភិវឌ្ឍន៍សកល ដើម្បីជំរុញឱ្យប្រទេសនីមួយៗអភិវឌ្ឍរួមគ្នា ។
ថ្នាក់ដឹកនាំដែលបានចូលរួមកិច្ចប្រជុំនេះ បានថ្លែងថា ពិភពលោកបច្ចុប្បន្ននេះប្រឈមមុខ នឹងបញ្ហាប្រឈមជាច្រើន អស្ថិរភាពនិងភាពមិនប្រាកដប្រជាបានកើនឡើងជាបន្តបន្ទាប់ ។ រដ្ឋសមាជិក នៃប្រទេស G20 គួរតែបង្កើនសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ គាំពារពហុភាគីនិយម គាំពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលចាត់ទុកអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល ដើម្បីជំរុញ ការសម្រេចបាននូវកំណើនជានិរន្តរភាព ប្រកបដោយភាពខ្លាំងក្លា តុល្យភាពនិងបរិយាប័ន្ន ៕
