ព័ត៌មានអន្តរជាតិ

កងទ័ពជើងទឹកភូមិន្ទថៃ បញ្ជូននាវាចម្បាំង មួយគ្រឿង និងឧទ្ធម្ភាគចក្រចំនួន ២ គ្រឿង ដើម្បីជួយសង្គ្រោះប្រជាជន ដែលជាប់គាំង នៅភាគខាងត្បូងប្រទេស

‎‎បរទេស: កងទ័ពជើងទឹកភូមិន្ទថៃ (RTN) កំពុងដាក់ពង្រាយនាវាចម្បាំងមួយគ្រឿង គឺនាវាចម្បាំង HTMS Chakri Naruebet និងឧទ្ធម្ភាគចក្រចំនួន ២ គ្រឿង ដើម្បីចល័តកម្លាំង ដើម្បីជួយសង្គ្រោះប្រជាជន ដែលជាប់គាំងនៅភាគខាងត្បូង ប្រទេស។

‎យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឧត្តមនាវីឯក Parat Rattanachaiphan អ្នកនាំពាក្យកងទ័ពជើងទឹកភូមិន្ទថៃ បានបង្ហាញថា កងទ័ពជើងទឹកភូមិន្ទថៃបានដាក់ពង្រាយនាវាចម្បាំងដ៏ធំមួយ យន្តហោះ និងអង្គភាពប្រតិបត្តិការពិសេស ដើម្បីផ្តល់ជំនួយដល់សាធារណជន នៅតំបន់ភាគខាងត្បូង ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់។

‎នាវាចម្បាំង HTMS Chakri Naruebet មានសមត្ថភាព​បម្រើ​ជាមូលដ្ឋាន​ ទ័ពអាកាស​អណ្តែត​ទឹក​សម្រាប់​ប្រតិបត្តិការ​ឧទ្ធម្ភាគចក្រ និង​យន្តហោះ​គ្មាន​មនុស្ស​បើក ហើយ​វា​ក៏​អាច​ដំណើរ ការ​ជា​ផ្ទះបាយ​អណ្តែត​ទឹក​ ដែល​អាច​ផលិត​អាហារ​ឆ្អិន​ប្រហែល ៣០០០ ឈុត​ក្នុង​មួយថ្ងៃ​ដើម្បី​គាំទ្រ​ ដល់​ការដឹកជញ្ជូន ​តាមផ្លូវអាកាស​ទៅកាន់​តំបន់​រងគ្រោះ​ផងដែរ។

‎លើសពីនេះ ក្រុម​គ្រូពេទ្យ​មួយក្រុម​ត្រូវ បាន​រៀបចំ​ឲ្យ​ធ្វើដំណើរ​ ជាមួយ​នាវា​នេះ​ ដើម្បី​បម្រើ​ជា​មន្ទីរពេទ្យ​អណ្តែត​ទឹក​នៅពេល​ចាំបាច់ ។ កងទ័ពជើងទឹក​ថៃ​ក៏បាន​រៀបចំ​ដាក់ពង្រាយ​នាវាចម្បាំង HTMS Chang និង HTMS Ang Thong ជា​ជំនួយ​លើកទីពីរ​ប្រសិនបើ​ត្រូវការ​កម្លាំង​បន្ថែម។

‎លើសពីនេះ ដោយសារតែ​ការផ្តល់ជំនួយ​ដល់​សាធារណជន ​គឺជា​បញ្ហា​បន្ទាន់​ខ្លាំង កងទ័ពជើងទឹក​ថៃ​បាន​បញ្ជូន​អង្គភាព​ប្រតិបត្តិការ​ពិសេស​មួយ រួមជាមួយ​ទូកកៅស៊ូ​ចំនួន ១៤ គ្រឿង និង​បុគ្គលិក​មកពី​បញ្ជាការដ្ឋាន​សង្គ្រាម​ពិសេស​កងទ័ពជើងទឹក (NSWC) ដើម្បី​ជួយ​ប្រជាជន​ដែល​ជាប់គាំង​ នៅក្នុង​តំបន់​ដែលមាន​ចរន្តទឹក​ខ្លាំង។ ពួកគេ​ទាំងអស់គ្នា​នឹង​ធ្វើដំណើរ​តាម​យន្តហោះ​ដឹកជញ្ជូន​ កងទ័ពអាកាស​ថៃ ​នៅថ្ងៃនេះ​ផងដែរ។

‎កងទ័ពជើងទឹកភូមិន្ទថៃ នឹងបន្តអនុវត្ត បេសកកម្មរបស់ខ្លួន ឱ្យអស់ពីសមត្ថភាព ក្នុងអំឡុងពេលវិបត្តិនេះ ដែលប្រជាជនកំពុងរងទុក្ខវេទនា ហើយនឹងឈរនៅខាងប្រជាជន រហូតដល់ស្ថានភាពត្រូវបានដោះស្រាយ។
‎‎ប្រែសម្រួល: ណៃ តុលា

To Top