អាមេរិក និងអ៊ុយក្រែន កាត់បន្ថយផែនការ សន្តិភាព ២៨ ចំណុច មកត្រឹម ១៩ ចំណុច
វ៉ាស៊ីនតោន ៖ ប្រព័ន្ធផ្សព្វផ្សាយ ជាច្រើនបានរាយការណ៍ថា ផែនការសន្តិភាព ២៨ ចំណុចដែលស្នើឡើង ដោយសហរដ្ឋអាមេរិក ដែលមានគោលបំណង បញ្ចប់វិបត្តិអ៊ុយក្រែន ត្រូវបានកាត់បន្ថយមកត្រឹមក្របខ័ណ្ឌ ១៩ ចំណុច ដែលព្រាងដោយសហរដ្ឋអាមេរិក និងអ៊ុយក្រែន កាលពីចុងសប្តាហ៍កន្លងទៅ នៅទីក្រុងហ្សឺណែវ។
លោក Oleksandr Bevz មន្ត្រីអ៊ុយក្រែនម្នាក់ ដែលបានចូលរួម ក្នុងកិច្ចចរចានៅទីក្រុងហ្សឺណែវ ត្រូវបានដកស្រង់សម្តី ដោយកាសែត The Washington Post ដោយថា “បទប្បញ្ញត្តិចម្រូងចម្រាស ជាច្រើនត្រូវបានបន្ធូរបន្ថយ ឬយ៉ាងហោចណាស់ត្រូវបានផ្លាស់ប្តូររូបរាង” ដើម្បីខិតទៅជិតជំហរ របស់អ៊ុយក្រែន ឬកាត់បន្ថយការទាមទារលើអ៊ុយក្រែន។
លោកបានបន្ថែមថា ថ្ងៃផុតកំណត់ថ្ងៃព្រហស្បតិ៍ ដែលកំណត់ដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់កិច្ចព្រមព្រៀងលើផែនការ ២៨ ចំណុច ឥឡូវនេះហាក់ដូចជាមានភាពបត់បែនជាងមុន។ ក្នុងនោះលោក Sergiy Kyslytsya អនុរដ្ឋមន្ត្រីការបរទេសទីមួយ របស់អ៊ុយក្រែន បានប្រាប់ Financial Times ថា សេចក្តីព្រាងថ្មីនេះមានភាព ស្រដៀងគ្នាតិចតួចទៅនឹងកំណែ ២៨ ចំណុច។ លោកថា «មានរឿងតិចតួចណាស់ ដែលនៅសេសសល់ពីកំណែដើម»។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជាច្រើន សេចក្តីព្រាងថ្មីនេះទុកបញ្ហាចម្រូងចម្រាសបំផុតសម្រាប់លោក Trump និងប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី ដើម្បីសម្រេចចិត្ត។ កំណែ ២៨ ចំណុចមុននេះ នឹងតម្រូវឱ្យអ៊ុយក្រែន ប្រគល់ទឹកដីនៅភាគខាងកើតអ៊ុយក្រែន កាត់បន្ថយយោធារបស់ខ្លួន និងលះបង់សមាជិកភាព ណាតូ។ ដូច្នេះផែនការនេះបានឆ្លងកាត់បន្ទាត់ក្រហមអ៊ុយក្រែន ជាច្រើន ដែលមានជាយូរមកហើយ ដែលទាញការរិះគន់ពី អ៊ុយក្រែន និងទូទាំងអឺរ៉ុប។
តំណាងមកពីសហរដ្ឋអាមេរិក អ៊ុយក្រែន និងបណ្តាប្រទេសនៅអឺរ៉ុប បានជួបប្រជុំគ្នានៅទីក្រុងហ្សឺណែវ កាលពីថ្ងៃអាទិត្យ ខណៈដែលសេតវិមានបានជំរុញឱ្យមានកិច្ចព្រមព្រៀងលើផែនការ ២៨ ចំណុច ។ បន្ទាប់ពីកិច្ចប្រជុំរវាងគណៈប្រតិភូអ៊ុយក្រែន និងទីប្រឹក្សាសន្តិសុខជាតិ មកពីចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ភាគីអ៊ុយក្រែន បានធ្វើកិច្ចចរចាទ្វេភាគី ជាមួយតំណាងសហរដ្ឋអាមេរិក។
មានរបាយការណ៍ថា កិច្ចប្រជុំនៅទីក្រុងហ្សឺណែវ កាលពីថ្ងៃអាទិត្យ ត្រូវបានចូលរួមដោយរដ្ឋមន្ត្រីការបរទេស អាមេរិកលោក Marco Rubio បេសកជនពិសេសប្រចាំមជ្ឈិមបូព៌ាលោក Steve Witkoff និងរដ្ឋមន្ត្រីការពារជាតិលោក Daniel Driscoll ដោយមានប្រធានការិយាល័យរបស់លោក ហ្សេឡិនស្គី គឺលោក Andriy Yermak ដឹកនាំគណៈប្រតិភូអ៊ុយក្រែន៕
ប្រែសម្រួល ឈូក បូរ៉ា
