ក្រុមហាម៉ាស់ បដិសេធសេចក្តីថ្លែងការណ៍ របស់អាមេរិក ស្តីពីលំហូរជំនួយចូល ទៅក្នុងតំបន់ហ្គាហ្សា
ហ្គាហ្សា៖ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ ដែលគ្រប់គ្រង ដោយហាម៉ាស់នៅតំបន់ហ្គាហ្សា បានពិពណ៌នាអំពីសេចក្តីថ្លែងការណ៍ថ្មីៗ របស់សហរដ្ឋអាមេរិកទាក់ទងនឹងការបញ្ចូលជំនួយ ចូលទៅក្នុងតំបន់នោះថាជា “ការបំភាន់ និងផ្ទុយពីការពិត ដែលមានឯកសារ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារ័ត៌មានចិនស៊ិនហួ។
វាបានកើតឡើងជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោក Mike Waltz ដែលបានឲ្យដឹងថា លោកបានទៅទស្សនាច្រកឆ្លងកាត់ Kerem Shalom ដើម្បីមើល “ដោយផ្ទាល់នូវចំណុចដំណើរការចម្បងសម្រាប់ជំនួយអន្តរជាតិ និងទំនិញពាណិជ្ជកម្មចូលទៅក្នុងតំបន់ហ្គាហ្សា”។
លោក Waltz បានឲ្យដឹងនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយ សង្គមរបស់លោកថា ចាប់តាំងពីក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានអនុម័តផែនការសន្តិភាពរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី១៧ ខែវិច្ឆិកាមក “រថយន្តដឹកទំនិញជាង ៦០០ គ្រឿងក្នុងមួយថ្ងៃឥឡូវនេះកំពុងដឹកជញ្ជូនអាហារ ជម្រក និងថ្នាំពេទ្យ”។
នៅក្នុងសេចក្តីថ្លែងការណ៍ ការិយាល័យប្រព័ន្ធ ផ្សព្វផ្សាយបានពន្យល់ថា មានតែរថយន្តដឹកទំនិញចំនួន ១៤.៥៣៤ គ្រឿងប៉ុណ្ណោះដែលបានចូលទៅ ក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីកិច្ចព្រមព្រៀង ឈប់បាញ់ចូលជាធរមាន ក្នុងចំណោមរថយន្តចំនួន ៣៧.២០០ គ្រឿងដែលត្រូវបានគេសន្មត់ថានឹង ចូលក្រោមកិច្ចព្រមព្រៀងនេះ។
យោងតាមសេចក្តីថ្លែងការណ៍នេះ ជាមធ្យមប្រចាំថ្ងៃជាក់ស្តែងមិនលើសពី ២៣៤ ឡានដឹកទំនិញនោះទេ ដែលតំណាងឱ្យអត្រាអនុលោមមិនលើសពី ៣៩ ភាគរយ។ ការិយាល័យបានបន្ថែមថា តួលេខទាំងនេះ «បញ្ជាក់ថា អ៊ីស្រាអែលមិនត្រឹមតែកាត់បន្ថយការផ្គត់ផ្គង់យ៉ាងខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងបន្តគោលនយោបាយសេដ្ឋកិច្ចជាប្រព័ន្ធ ដែលមានគោលបំណងរក្សាតំបន់ហ្គាហ្សា ឱ្យស្ថិតនៅលើមាត់ទ្វានៃគញរោះទុរ្ភិក្សផងដែរ»៕
ប្រែសម្រួល ឈូក បូរ៉ា
