ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ថ្កោលទោសការរឹតត្បិត របស់អាមេរិក លើអ្នកការទូតរបស់ខ្លួន នៅអង្គការសហប្រជាជាតិ

តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានថ្កោលទោស ការរឹតត្បិតកាន់តែខ្លាំងឡើង របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក លើបុគ្គលិកនៃបេសកកម្មអចិន្ត្រៃយ៍ របស់ខ្លួនប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានអំពាវនាវឱ្យអង្គការសហប្រជាជាតិទប់ស្កាត់ “ការរំលោភលើសិទ្ធិ ស្របច្បាប់របស់អ៊ីរ៉ង់” ខណៈដែលថ្កោលទោសយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់ក្រសួងការបរទេស សហរដ្ឋអាមេរិកក្នុងការទប់ស្កាត់ “ការបន្តសកម្មភាព” របស់បុគ្គលិកបីនាក់នៃបេសកកម្មអ៊ីរ៉ង់ នៅទីក្រុងញូវយ៉ក ។

ក្រសួងបានសង្កត់ធ្ងន់ថា “ការអនុវត្តការរឹតត្បិតយ៉ាងទូលំទូលាយ លើកន្លែងស្នាក់នៅ និងចលនារបស់អ្នកការទូតអ៊ីរ៉ង់ ការរឹតបន្តឹងកាន់តែខ្លាំងឡើង លើគណនីធនាគាររបស់ពួកគេ និងការដាក់កម្រិតលើការទិញប្រចាំថ្ងៃរបស់ពួកគេ គឺជាសម្ពាធ និងការយាយីដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានរចនា និងអនុវត្ត ដើម្បីរំខានដល់ការបំពេញកាតព្វកិច្ចធម្មតា និងផ្លូវច្បាប់ របស់អ្នកការទូតអ៊ីរ៉ង់”។

ក្រសួងបានពិពណ៌នាអំពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក អំពីសមាជិកបុគ្គលិកនៃបេសកកម្មអ៊ីរ៉ង់ថាជា “ចំណុចកំពូលនៃការបំពានច្បាប់ និងការរំលោភលើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលធ្វើឱ្យមានការសង្ស័យលើសិទ្ធិ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការធ្វើជាម្ចាស់ផ្ទះនៃទីស្នាក់ការ កណ្តាលអង្គការសហប្រជាជាតិ”។

ក្រសួងការបរទេសអ៊ីរ៉ង់មិនបានបញ្ជាក់ថា ពេលណា ដែលការរឹតបន្តឹងត្រូវបានរឹតបន្តឹងនោះទេ។ ទោះជាយ៉ាងណាក៏ដោយ កាលពីខែកញ្ញា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថា ខ្លួនបានរឹតត្បិតចលនារបស់អ្នកការទូតអ៊ីរ៉ង់ ដែលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក និងហាមឃាត់ពួកគេពីការដើរទិញឥវ៉ាន់នៅហាងលក់ដុំ និងទិញទំនិញប្រណីតជាផ្នែកមួយនៃយុទ្ធនាការ “សម្ពាធអតិបរមា” របស់សហរដ្ឋអាមេរិកប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់ ៕

To Top