លោក ដូណាល់ ត្រាំ បញ្ជាឱ្យបិទផ្លូវទាំងស្រុង នូវនាវាដឹកប្រេង ដែលត្រូវបានអនុម័តឱ្យធ្វើដំណើរទៅ និងមកពីប្រទេសវេណេស៊ុយអេឡា
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកបានបញ្ជាឱ្យបិទផ្លូវទាំងស្រុង នូវនាវាដឹកប្រេង ដែលត្រូវបានអនុម័ត ឱ្យធ្វើដំណើរទៅ និងមកពីប្រទេសវេណេស៊ុយអេឡា ដែលបង្កើនយុទ្ធនាការ ដាក់សម្ពាធរយៈពេលជាច្រើនខែ ប្រឆាំងនឹងប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ។
លោក ត្រាំ បានឲ្យដឹងនៅក្នុងការបង្ហោះ មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់លោកថា “ថ្ងៃនេះ ខ្ញុំកំពុងបញ្ជាឱ្យបិទផ្លូវទាំងស្រុង នូវនាវាដឹកប្រេង ដែលត្រូវបានអនុម័តឱ្យធ្វើដំណើរចូល និងចេញពីប្រទេសវេណេស៊ុយអេឡា”។ លោក ដូណាល់ ត្រាំ ក៏បានឲ្យដឹងផងដែរថា រដ្ឋាភិបាលវេណេស៊ុយអេឡាត្រូវបានកំណត់ថាជា “អង្គការភេរវកម្មបរទេស” ដោយចោទប្រកាន់ថាខ្លួនមានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម រួមទាំងអំពើភេរវកម្ម ការរត់ពន្ធគ្រឿងញៀន និងការជួញដូរមនុស្ស។
ដោយអះអាងថា សហរដ្ឋអាមេរិក “នឹងមិនអនុញ្ញាតឱ្យរបបអរិភាពយកប្រេង ដីធ្លី ឬទ្រព្យសម្បត្តិផ្សេងទៀតរបស់យើងនោះទេ” លោកបានទាមទារ ឱ្យប្រទេសវេណេស៊ុយអេឡា ប្រគល់ទ្រព្យសម្បត្តិទាំងអស់ ដែលលោកបានអះអាងថា “ដែលពួកគេធ្លាប់លួចពីយើង” ទៅឱ្យសហរដ្ឋអាមេរិកវិញ៕
ប្រែសម្រួល ឈូក បូរ៉ា
