ការនាំចេញរបស់អ៊ីស្រាអែល ត្រូវបានព្យាករណ៍ថា នឹងមានចំនួនជិត ១៦០ ពាន់លានដុល្លារនៅឆ្នាំ ២០២៥
យេរូសាឡឹម៖ ក្រសួងសេដ្ឋកិច្ច និងឧស្សាហកម្មបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារថា ការនាំចេញរបស់អ៊ីស្រាអែល ត្រូវបានគេរំពឹងថា នឹងឈានដល់ជិត ១៦០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥ ដែលជាការកើនឡើង ៣ ភាគរយពីឆ្នាំ ២០២៤ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
សេចក្តីថ្លែងការណ៍នេះបានឲ្យដឹងថា តួលេខនេះ គឺជិតដល់កម្រិតខ្ពស់បំផុត នៃកំណត់ត្រាចំនួន ១៦៥ ពាន់លានដុល្លារដែល បានកត់ត្រាក្នុងឆ្នាំ ២០២២ ដែលឆ្លុះបញ្ចាំង ពីភាព ធន់របស់សេដ្ឋកិច្ច ទោះបីជាមានជម្លោះពហុមុខក៏ដោយ ។ ការនាំចេញសេវាកម្ម ត្រូវបានគេរំពឹងថា នឹងកើនឡើង ៩ ភាគរយដល់ ១០១ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ កើនឡើងពី ៩២.៧ ពាន់លានដុល្លារនៅឆ្នាំ ២០២៤។
សេចក្តីថ្លែងការណ៍នេះបានឲ្យដឹងទៀតថា កំណើនត្រូវបានដឹកនាំដោយសេវាកម្មបច្ចេកវិទ្យាខ្ពស់ដូចជា កម្មវិធី កុំព្យូទ័រ និងការស្រាវជ្រាវ និងអភិវឌ្ឍន៍ ដែលបង្ហាញពីការរួមចំណែករបស់វិស័យនេះចំពោះស្ថិរភាពសេដ្ឋកិច្ច។ ផ្ទុយទៅវិញ ការនាំចេញទំនិញត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ ៥.៥ ភាគរយមកត្រឹមប្រហែល ៥៧ ពាន់លានដុល្លារ ធ្លាក់ចុះពី ៦០.៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ដោយសារទីផ្សារនាំចេញសំខាន់ៗនៅតែខ្សោយ។
ការនាំចេញទៅកាន់ទ្វីបអាស៊ីបន្តកើនឡើង កើនឡើង ៣.៥ ភាគរយ ខណៈដែលកំណើនមធ្យម ត្រូវបានគេមើលឃើញ នៅទ្វីបអាហ្វ្រិក អាមេរិកឡាទីន និងអូសេអានី។ ការនាំចេញទៅកាន់បណ្តាប្រទេស សហភាពអឺរ៉ុបបានធ្លាក់ចុះប្រហែល ១១ ភាគរយ ទៅកាន់ប្រទេសចិនប្រហែល ៦ ភាគរយ និងទៅកាន់សហរដ្ឋអាមេរិកប្រហែល ៤ ភាគរយ ។ ក្រសួងបានឲ្យដឹងថា ការកើនឡើង នៃការនាំចេញឆ្លុះបញ្ចាំងពីឧបករណ៍ ឧស្សាហកម្មដែលបានពង្រឹង ការវិនិយោគកើនឡើងលើធនធានមនុស្ស និង ការពង្រីកទៅកាន់ទីផ្សារថ្មីៗ ដែលធ្វើឲ្យអ៊ីស្រាអែល មានជំហររឹងមាំ សម្រាប់កំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់៕
ប្រែសម្រួល ឈូក បូរ៉ា
