វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធមិន និយាយថាតើលោករំពឹងថា កិច្ចព្រមព្រៀងសន្តិភាព លើវិបត្តិអ៊ុយក្រែននឹងត្រូវសម្រេចនៅចុងឆ្នាំ ២០២៥ ដែរឬយ៉ាងណានោះទេ។
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាន នៅពេលចាប់ផ្តើមកិច្ចប្រជុំរបស់លោក ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀហ្សេឡិនស្គី ដែលកំពុងមកទស្សនកិច្ចនៅវិមានអចលនទ្រព្យ Mar-a-Lago របស់លោកនៅ Palm Beach រដ្ឋ Florida ថា “ខ្ញុំមិនមានកាលកំណត់នោះទេ។ អ្នកដឹងទេថាកាលកំណត់របស់ខ្ញុំជាអ្វី? នោះគឺការបញ្ចប់សង្គ្រាម” ។
នៅពេលសួរថា តើការចរចាថ្ងៃអាទិត្យរបស់ពួកគេនឹងនាំ ទៅរកកិច្ចព្រមព្រៀងសន្តិភាពដែរឬទេ លោក ត្រាំ បានលេីកឡេីងថា “វាអាស្រ័យលេី… – ខ្ញុំជឿថាយើងមានការបង្កើតកិច្ចព្រមព្រៀង” ដោយកត់សម្គាល់ថា វិបត្តិអ៊ុយក្រែនបានបង្ហាញថា ពិបាកដោះស្រាយ។
លោក ហ្សេឡិនស្គី បានឧ្យដឹងថា ការពិភាក្សារបស់លោកជាមួយលោក ត្រាំ នឹងផ្តោតលើសេចក្តីព្រាងចុងក្រោយបំផុតនៃផែនការសន្តិភាព ២០ចំណុច និងលំដាប់លំដោយនៃការដោះស្រាយ។
លោក ហ្សេឡិនស្គី បានបន្ដថា “វាមានសារៈសំខាន់ខ្លាំងណាស់ ដែលក្រុមរបស់យើងនិយាយអំពីយុទ្ធសាស្ត្រ – របៀបធ្វើមួយជំហានម្តងៗ និងដើម្បីនាំសន្តិភាពឱ្យកាន់តែខិតជិត”។
មុនពេលជួបជាមួយលោក ហ្សេឡនស្គី លោក ត្រាំ បានឧ្យដឹងនៅលើបណ្ដាញTruth Social របស់លោកថា លោក “មានការហៅទូរស័ព្ទដ៏ល្អ និងមានផលិតភាពខ្ពស់” ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន៕
ប្រែសម្រួល ឈូក បូរ៉ា
