ធនាគារកណ្តាល របស់វៀតណាមថា វៀតណាមប្រឈម នឹងបញ្ហាខាងក្រៅ ក្នុងការបង្កើនកំណើន ១០% នៅឆ្នាំក្រោយ
បរទេស៖ មន្ត្រីជាន់ខ្ពស់ធនាគាររដ្ឋវៀតណាម បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃចន្ទថា ពន្ធគយខ្ពស់ និងគោលនយោបាយរូបិយវត្ថុ នៅក្នុងប្រទេសផ្សេងទៀត នឹងធ្វើឱ្យធនាគារកណ្តាល របស់វៀតណាមកាន់តែពិបាក ក្នុងការទទួលបានការកំណត់គោល នយោបាយរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងឈានដល់គោលដៅកំណើន សេដ្ឋកិច្ចលើសពី ១០% នៅឆ្នាំក្រោយ។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋាភិបាលវៀតណាមថា ប្រទេសវៀតណាមកំពុងស្ថិតនៅលើផ្លូវឆ្ពោះ ទៅរកគោលដៅកំណើនសេដ្ឋកិច្ច នៅឆ្នាំនេះលើសពី ៨% ហើយគ្រោងនឹងកំណត់ទិសដៅកំណើន ១០% នៅឆ្នាំក្រោយ។
លោក Pham Chi Quang ប្រធាននាយកដ្ឋានគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលវៀតណាម បានប្រាប់សន្និសីទសារព័ត៌មានប្រចាំត្រីមាសថា “ចាប់តាំងពីដើមឆ្នាំ ២០២៥ មក ការអភិវឌ្ឍន៍ដ៏ស្មុគស្មាញ និងមិនអាចទាយទុក ជាមុនបាននៃទីផ្សារពិភពលោក ដូចជាគោលនយោបាយរូបិយវត្ថុ ដែលមិនអាចទាយទុកជាមុនបានរបស់ធនាគារកណ្តាលអាមេរិក និងគោលនយោបាយពន្ធគយ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បាននឹងកំពុងប៉ះពាល់ដល់សេដ្ឋកិច្ច ទីផ្សារប្តូរប្រាក់ និងអត្រាប្តូរប្រាក់”។
លោក Quang បាននិយាយថា ការផ្តោតអារម្មណ៍នៅឆ្នាំក្រោយនឹង ផ្តោតលើការគ្រប់គ្រងគោលនយោបាយរូបិយវត្ថុក្នុងលក្ខណៈបត់បែន សម្របសម្រួលជាមួយគោលនយោបាយសារពើពន្ធ ដើម្បីរក្សាស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច រក្សាអតិផរណានៅក្រោមការគ្រប់គ្រង និងគាំទ្រកំណើន។
ប្រែសម្រួលៈ ណៃ តុលា
