អ៊ីរ៉ង់ប្តេជ្ញា ក្នុងការឆ្លើយតបយ៉ាងខ្លាំងក្លា ករណីអាមេរិកនិងអ៊ីស្រាអែល បើកការវាយប្រហារណាមួយ
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់កាសែតរុស្សី RT បានឲ្យដឹងថាអ៊ីរ៉ង់បានប្តេជ្ញាឆ្លើយតបយ៉ាងរហ័ស និងតឹងរ៉ឹងចំពោះសកម្មភាពឈ្លានពានណាមួយ បន្ទាប់ពីមានការគំរាមកំហែង ផ្នែកយោធាជាថ្មីពីអាមេរិក និងអ៊ីស្រាអែល។
កាលពីថ្ងៃចន្ទដើមសប្តាហ៍ កន្លងមកនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានជួបជាមួយនឹង នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានគម្រាមថានឹង ដកយកនរកចេញពីប្រទេសអ៊ីរ៉ង់ ប្រសិនបើខ្លួនព្យាយាមសាងសង់ឡើងវិញ នូវគម្រោងនុយក្លេអ៊ែរ ឬមីស៊ីលផ្លោងរបស់ខ្លួន។
ជាការឆ្លើយតប ឧត្តមនាវីទោ Ali Shamkhani ទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei បានប្រកាសលើបណ្តាញសង្គម X ថាគោលលទ្ធិការពារជាតិ របស់អ៊ីរ៉ង់កំណត់ថា ៖ ការឆ្លើយតបមួយចំនួន ត្រូវបានកំណត់ជាយូរមកហើយ មុនពេលការគំរាមកំហែង ឈានដល់ដំណាក់កាល នៃការប្រហារជីវិតផង។
លោកបានព្រមានថា ការឈ្លានពានណាមួយ នឹងត្រូវបានជួបជាមួយនឹងការឆ្លើយតបភ្លាមៗ និង ធ្ងន់ធ្ងរបំផុតហួសពីការគិតរបស់អ្នករៀបចំផែនការ។
ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian ក៏បានបន្ទរការព្រមានកាលពីថ្ងៃអង្គារដោយបញ្ជាក់ថា៖ការឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះការឈ្លានពានណាមួយនឹងមានភាពឃោរឃៅ និងគួរឲ្យសោកស្ដាយ។
គួរឲ្យដឹងដែរថាមុននេះ លោកក៏បានកំណត់ភាពតានតឹងជាផ្នែកនៃជម្លោះកាន់តែទូលំទូលាយ ដោយបញ្ជាក់ថា អ៊ីរ៉ង់កំពុងស្ថិតក្នុង សង្រ្គាមពេញលក្ខណៈជាមួយសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអឺរ៉ុប៕
ប្រែសម្រួល៖ស៊ុនលី
