ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ បញ្ជាក់ថា អាមេរិក ត្រូវការតំបន់ Greenland សម្រាប់ការពារជាតិ បន្ទាប់ពីការវាយប្រហារ វេណេស៊ុយអេឡា

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកត្រូវការតំបន់ Greenland «សម្រាប់ការពារជាតិ» ដោយអះអាងថា ប្រទេសវេណេស៊ុយអេឡា ប្រហែលជាមិនមែនជាប្រទេសចុងក្រោយ ដែលស្ថិតនៅក្រោមការអន្តរាគមន៍របស់សហរដ្ឋអាមេរិកនោះទេ នេះបើយោងតាម The Atlantic។

លោក ត្រាំ បានឲ្យដឹងនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយទស្សនាវដ្តីនេះថា «យើងពិតជាត្រូវការ Greenland មែន»។ កោះនេះ ដែលមានទីតាំងនៅតំបន់អាកទិក គឺជាផ្នែកមួយនៃប្រទេសដាណឺម៉ាក។ លោក ត្រាំ បានលើកឡើងថា វាអាស្រ័យលើអ្នកដទៃក្នុងការសម្រេចចិត្តថា ការវាយប្រហារទ្រង់ទ្រាយធំ របស់សហរដ្ឋអាមេរិកប្រឆាំង នឹងប្រទេស វេណេស៊ុយអេឡា មានន័យយ៉ាងណា ចំពោះតំបន់ Greenland។

លោកបន្ដថា «ពួកគេនឹងត្រូវមើលវាដោយខ្លួនឯង។ ខ្ញុំពិតជាមិនដឹងទេ អ្នកដឹងទេ ខ្ញុំមិនសំដៅទៅលើតំបន់ Greenland នៅពេលនោះទេ ប៉ុន្តែយើងពិតជាត្រូវការតំបន់ Greenland យើងត្រូវការវាសម្រាប់ការពារជាតិ»។ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានឲ្យដឹងថា សហរដ្ឋអាមេរិក គ្មានសិទ្ធិបញ្ចូលតំបន់ Greenland នោះទេ ដោយជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន ឈប់គំរាមកំហែងប្រឆាំងនឹងសម្ព័ន្ធមិត្តជិតស្និទ្ធ និងប្រជាជន Greenland។

លោកស្រី Frederiksen បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំត្រូវតែនិយាយវាដោយ ផ្ទាល់ទៅកាន់សហរដ្ឋអាមេរិក” ។ លោកស្រី បានបដិសេធគំនិតដែលថា វាចាំបាច់សម្រាប់សហរដ្ឋអាមេរិក ក្នុងការដណ្តើមយកតំបន់ Greenland ដោយសង្កត់ធ្ងន់ថា “សហរដ្ឋអាមេរិកមិនមានសិទ្ធិបញ្ចូល” ផ្នែកណាមួយនៃអាណាចក្រដាណឺម៉ាក តំបន់ Greenland និងកោះហ្វារ៉ូ នោះទេ។

ពេញមួយឆ្នាំកន្លងមក លោក ត្រាំ តែងតែធ្វើការអំពាវនាវដដែលៗសម្រាប់សហរដ្ឋអាមេរិកឱ្យដណ្តើមយកតំបន់ Greenland ដែលបង្កឱ្យមានការជំទាស់យ៉ាងខ្លាំងពី Greenland ដាណឺម៉ាក និងសហភាពអឺរ៉ុប។ រដ្ឋបាលលោក ត្រាំ បានលើកឡើងពីការរួមបញ្ចូលគ្នានៃការព្រួយបារម្ភអំពីសន្តិសុខជាតិ យុទ្ធសាស្ត្រអាកទិក និងសក្តានុពលនៃរ៉ែសំខាន់ៗ និងធនធានធម្មជាតិ ជាកត្តាជំរុញចំណាប់អារម្មណ៍ របស់សហរដ្ឋអាមេរិក ក្នុងការគ្រប់គ្រងតំបន់ Greenland៕

ប្រែសម្រួល ឈូក បូរ៉ា

To Top