តំបន់ជាច្រើន នៅលើពិភពលោក បានដង្ហែក្បួន បាតុកម្ម ដើម្បីប្រឆាំង នឹងអាមេរិក ដែលឈ្លានពាន វ៉េណេស៊ុយអេឡា ដោយកម្លាំងយោធា
ថ្ងៃទី ៤ខែមករា តាមម៉ោងក្នុងតំបន់ តំបន់នានា នៅលើពិភពលោក បានផ្ទុះសកម្មភាព ដង្ហែក្បួនប្រឆាំងតវ៉ា ។ នៅប្រទេស អាហ្សង់ទីន កូឡុំប៊ី អេក្វាទ័រ ម៉ិកស៊ិក ព័រតូរីកូ អ៊ុយរូហ្កាយ អ៊ីតាលី បារាំង អេស្ប៉ាញ និងទីក្រុងជាច្រើន របស់អាមេរិក បានផ្ទុះសកម្មភាពបាតុកម្ម ដើម្បីថ្កោលទោស ចំពោះអាមេរិក ដែលបានធ្វើការវាយប្រហារ ដោយយោធាទៅលើ វ៉េណេស៊ុយអេឡា ចាប់ខ្លួនលោកប្រធានាធិបតី Maduro ព្រមទាំងការដំឡើងកម្រិត អន្តរាគមន៍និយមក្នុងតំបន់ផងដែរ ។
ប្រជាពលរដ្ឋនៅប្រទេសអ៊ុយរូហ្កាយបានធ្វើមីទី្ទងទ្រង់ទ្រាយធំក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដែលបានរៀបចំធ្វើនៅរដ្ឋធានី និងខេត្តចំនួន៧ក្នុងពេលដំណាលគ្នា ។ នៅរដ្ឋធានី Montevideo មានមនុស្សរាប់ពាន់នាក់បានជួបជុំគ្នានៅទីលានសេរីភាព ហើយបានស្រែកពាក្យស្លោក ថា “វ៉េណេស៊ុយអេឡាមិនឯកោទេ ” ។ អ្នកចូលរួមសកម្មភាពនេះ បានថ្កោលទោសជាជា ឯកច្ឆន្ទចំពោះប្រតិបតិ្តការយោធារបស់អាមេរិក ។
ព្រមពេលជាមួយគ្នានេះ ប្រទេសអាហ្សង់ទីន កូឡុំប៊ី អេក្វាទ័រ និងទីក្រុងជាច្រើនរបស់អាមេរិក ក៏បានមានសកម្មភាព បាតុកម្មផ្ទុះឡើងយ៉ាងច្រើន ។ បាតុករបានសម្គាល់ឃើញថា ការដែលអាមេរិកឈ្លានពាន វ៉េណេស៊ុយអេឡាបាន បង្កើតជាគំរូដ៏គ្រោះថ្នាក់មួយ ហើយប្រហែលអាចនឹងប្រែការធ្វើអន្តរាគមន៍ ដោយយោធាផ្ទាល់ទៅលើរដ្ឋាភិបាល ដែលមិនសមស្របនឹងផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់អាមេរិក ឱ្យក្លាយទៅជារឿងប្រក្រតីទៀតផង ៕
