ព័ត៌មានអន្តរជាតិ

ប្រទេសចិន តែងតែប្រឆាំង នឹងការប្រើប្រាស់ ឬការគំរាមកំហែង ដោយកម្លាំង របស់ប្រទេសមួយ ទៅលើប្រទេសមួយទៀត

ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅពេលនិយាយអំពីស្ថានភាព នៅក្នុងប្រទេសវេណេស៊ុយអេឡាថា ប្រទេសចិនតែងតែប្រឆាំង នឹងការប្រើប្រាស់ ឬការគំរាមកំហែង ដោយកម្លាំង ក៏ដូចជាការដាក់ឆន្ទៈ របស់ប្រទេសមួយ ទៅលើប្រទេសមួយទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក វ៉ាង យី ដែលក៏ជាសមាជិក នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន (CPC) បានធ្វើការកត់សម្គាល់នេះ នៅពេលធ្វើកិច្ចសន្ទនាយុទ្ធសាស្ត្រលើកទីប្រាំពីរ របស់រដ្ឋមន្ត្រីការបរទេសចិន-ប៉ាគីស្ថាន ជាមួយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Mohammad Ishaq Dar នៅទីក្រុងប៉េកាំង។

លោកបានលើកឡើងថា ស្ថានភាពអន្តរជាតិ បច្ចុប្បន្នមានភាពប្រែប្រួល និងជាប់ទាក់ទងគ្នាកាន់តែខ្លាំងឡើង ដោយការធ្វើបាប ឯកតោភាគី កាន់តែធ្ងន់ធ្ងរឡើងៗ។ លោកបន្ដថា ការផ្លាស់ប្តូរស្ថានភាពភ្លាមៗ នៅក្នុងប្រទេស វេណេស៊ុយអេឡា បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសហគមន៍អន្តរជាតិ។

លោកបានបន្ថែមថា “យើងមិនដែលជឿថា ប្រទេសណាមួយអាចដើរតួនាទី ជាប៉ូលីសពិភពលោកបាននោះទេ ហើយយើងក៏មិនយល់ស្របថាប្រទេស ណាមួយអាចអះអាងខ្លួនឯងថា ជាចៅក្រមអន្តរជាតិដែរ” ដោយបន្ថែមថា អធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសទាំងអស់ គួរតែត្រូវបានការពារយ៉ាង ពេញលេញដោយច្បាប់អន្តរជាតិ។

លោកបានគូសបញ្ជាក់ថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការ ជាមួយសហគមន៍អន្តរជាតិ រួមទាំងប្រទេសប៉ាគីស្ថានផងដែរ ដើម្បីគោរពយ៉ាងខ្ជាប់ខ្ជួននូវធម្មនុញ្ញ អង្គការសហប្រជាជាតិ រក្សាបាននូវគោលការណ៍ សីលធម៌អន្តរជាតិ ប្រកាន់ខ្ជាប់នូវសមភាព នៃអធិបតេយ្យភាព របស់ប្រទេសទាំងអស់ និងរួមគ្នាការពារសន្តិភាព និងការអភិវឌ្ឍពិភពលោក ព្រមទាំងលើកកម្ពស់ការ កសាងសហគមន៍មួយ ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ៕

To Top