ព័ត៌មានអន្តរជាតិ

លោក ត្រាំ ព្រមានប្រធានាធិបតី ស្តីទីវេណេស៊ុយអេឡា ចំពោះការបដិសេធសហការ ជាមួយសហរដ្ឋអាមេរិក

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមថា ប្រធានាធិបតីស្តីទីរបស់ប្រទេសវេណេស៊ុយអេឡា លោកស្រី Delcy Rodríguez អាចបង់ថ្លៃដ៏ច្រើន ប្រហែលជាធំជាង ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ ទៅទៀត ប្រសិនបើលោកស្រី បន្តបដិសេធកិច្ចសហប្រតិបត្តិការ ជាមួយសហរដ្ឋអាមេរិក។

លោក ត្រាំ បានឲ្យដឹងនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយ The Atlantic ថា «ប្រសិនបើលោកស្រី មិនធ្វើអ្វីដែលត្រឹមត្រូវទេនោះ លោកស្រីនឹងត្រូវបង់ថ្លៃដ៏ច្រើន ប្រហែលជាធំ ជាងលោក ម៉ាឌូរ៉ូ ទៅទៀត»។ លោក ម៉ាឌូរ៉ូ ត្រូវបានកងកម្លាំងអាមេរិកនាំខ្លួន ចេញពីប្រទេសរបស់លោក កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ហើយឥឡូវនេះ កំពុងជាប់ឃុំឃាំងនៅទីក្រុងញូវយ៉ក ដើម្បីឡើងតុលាការក្រោម ការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន។

យោងតាមទស្សនាវដ្តីនេះ លោក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិនទទួលយកអ្វី ដែលលោកបានពិពណ៌នាថា ជាការបដិសេធយ៉ាងម៉ឺងម៉ាត់ របស់លោកស្រី Rodríguez ចំពោះអន្តរាគមន៍ប្រដាប់អាវុធរបស់សហរដ្ឋអាមេរិកនោះទេ ។ លោក ត្រាំ ក៏បានសង្កត់ធ្ងន់ផងដែរថា សហរដ្ឋអាមេរិក ត្រូវការតំបន់ Greenland «ជាដាច់ខាត» ដោយបញ្ជាក់ជាថ្មីថា ប្រទេសវេណេស៊ុយអេឡា ប្រហែលជាមិនមែនជាប្រទេសចុងក្រោយ ដែលទទួលរងការអន្តរាគមន៍ ពីសហរដ្ឋអាមេរិកនោះទេ ។

លោក ដូណាល់ ត្រាំ បនាបញ្ជាក់ថា «យើងពិតជាត្រូវការកោះហ្គ្រីនឡែនមែន» រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ប្រព័ន្ធផ្សព្វផ្សាយមួយផ្សេងទៀតនៅព្រឹកថ្ងៃអាទិត្យថា លោក ត្រាំ នឹងរក្សាជម្រើសទាំងអស់ឱ្យបើកចំហរលើរបៀប «គ្រប់គ្រង» ប្រទេសវេណេស៊ុយអេឡា វាយតម្លៃថាតើថ្នាក់ដឹកនាំបណ្ដោះអាសន្នរបស់ប្រទេសនេះអាច «ធ្វើការសម្រេចចិត្តត្រឹមត្រូវ» ដែរឬទេ ហើយនឹងមិនច្រានចោលវត្តមាន យោធាអាមេរិក នៅក្នុងប្រទេសនេះ នាពេលអនាគតនោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top