កូរ៉េខាងជើង ថ្កោលទោសអាមេរិក ដែលវាយប្រហារ ទៅលើប្រទេស វ៉េណេស៊ុយអេឡា និងបាញ់មីស៊ីល២គ្រាប់ ចំថ្ងៃប្រធានាធិបតី កូរ៉េខាងត្បូង ទស្សនកិច្ចនៅចិន
បរទេស៖ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោង កាលពីថ្ងៃអាទិត្យ ជាថ្ងៃដែលមេដឹកនាំ នៃគូប្រជែងកូរ៉េខាងត្បូង ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន ដែលចិនជាសម្ព័ន្ធមិត្ត របស់ក្រុងព្យុងយ៉ាង និងត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីសហរដ្ឋអាមេរិក បានវាយប្រហារលើវេណេស៊ុយអេឡា។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ការបាញ់មីស៊ីលយ៉ាង ហោចណាស់ពីរគ្រាប់ ដែលជាលើកដំបូង របស់ប្រទេសក្នុងរយៈពេលពីរខែ បានបង្កើនភាពតានតឹង ជាសាកលបន្ថែមទៀត បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបើកការវាយប្រហារនៅប្រទេស វ៉េណេស៊ុយអេឡា ហើយដែលប្រធានាធិបតី Nicolas Maduro ត្រូវបានចាប់ខ្លួន។
កូរ៉េខាងជើងបានថ្កោលទោស យ៉ាងខ្លាំងចំពោះសកម្មភាពរបស់អាមេរិក ដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោនបាន បំពានអធិបតេយ្យភាព របស់វេណេស៊ុយអេឡាយ៉ាងព្រៃផ្សៃ ហើយទង្វើនេះបង្ហាញពីលក្ខណៈដ៏ឃោរឃៅរបស់អាមេរិក។
កូរ៉េខាងជើងបានបាញ់មីស៊ីល របស់ខ្លួនជាច្រើនម៉ោងមុនពេលប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនកាលពីថ្ងៃអាទិត្យក្នុងក្តីសង្ឃឹមនៃការលើកកម្ពស់សន្តិភាពនៅលើឧបទ្វីបកូរ៉េក្នុងអំឡុងពេលកិច្ចប្រជុំកំពូលជាមួយសមភាគីរបស់លោក Xi Jinping ។
លោក Lim Eul-chul សាស្ត្រាចារ្យនៅវិទ្យាស្ថាន Far Eastern Studies ក្នុងទីក្រុងសេអ៊ូល បាននិយាយថា ការបាញ់ចេញពីរដ្ឋធានីព្យុងយ៉ាងចូលទៅក្នុងសមុទ្ររវាងកូរ៉េ និងជប៉ុនតំណាងឱ្យ “សារមួយទៅកាន់ប្រទេសចិន ដើម្បីរារាំងទំនាក់ទំនងកាន់ តែជិតស្និទ្ធជាមួយកូរ៉េខាងត្បូង និងដើម្បីប្រឆាំងនឹងគោលជំហរ របស់ចិនលើការលុបបំបាត់នុយក្លេអ៊ែរ” ៕
ប្រែសម្រួលៈ ណៃ តុលា
