ព័ត៌មានអន្តរជាតិ

អតិរេកពាណិជ្ជកម្ម របស់ប្រទេស វៀតណាម មានជាង២០ ពាន់លានដុល្លារ អាមេរិកក្នុងឆ្នាំ ២០២៥

បរទេស៖ ការិយាល័យស្ថិតិជាតិបានរាយការណ៍នៅថ្ងៃចន្ទថា ប្រទេសវៀតណាមបានកត់ត្រាអតិរេកពាណិជ្ជកម្មចំនួន ២០,០៣ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៥ ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ចំណូលនៃការនាំចេញរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ គឺឈានដល់ ៤៧៥,០៤ ពាន់លានដុល្លារ កើនឡើង ១៧ ភាគរយ ធៀបនឹងឆ្នាំមុន ខណៈការនាំចូលកើនឡើង ១៩,៤ ភាគរយដល់ ៤៥៥,០១ ពាន់លានដុល្លារ។

របាយការណ៍បានឱ្យដឹងទៀតថា សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាម ខណៈដែលប្រទេសចិនគឺជាទីផ្សារនាំចូលដ៏ធំបំផុតរបស់វៀតណាម ជាមួយនឹងតម្លៃពាណិជ្ជកម្មឈានដល់ ១៥៣,២ ពាន់លានដុល្លារ និង ១៨៦ពាន់លានដុល្លាររៀងៗខ្លួន។

ចំណែកផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមវិញ បានកើនឡើង ៨,០២ ភាគរយក្នុងឆ្នាំ ២០២៥ ដែលជំរុញភាគច្រើនដោយវិស័យសេវាកម្ម និងផលិតកម្មឧស្សាហកម្ម។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក VnExpress បានរាយការណ៍នៅថ្ងៃចន្ទដោយដកស្រង់សម្តីការិយាល័យស្ថិតិជាតិ។

លទ្ធផលនេះបានបង្កើនកំណើន GDP ជាមធ្យមរបស់ប្រទេសវៀតណាមសម្រាប់រយៈពេល ២០២១-២០២៥ ដល់ ៦,៣ ភាគរយ ពោលគឺ ០,១ ភាគរយខ្ពស់ជាងរយៈពេល៥ឆ្នាំមុន។

យោងតាមរបាយការណ៍ គឺ GDP របស់វៀតណាម ត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៥១៤ ពាន់លានដុល្លារអាមេរិក កើនឡើង ៣៨ ពាន់លានដុល្លារធៀបកាលពីឆ្នាំមុន ខណៈដែល GDP សម្រាប់មនុស្សម្នាក់ឈានដល់ប្រហែល ៥.០២៦ ដុល្លារ៕
ប្រែសម្រួលៈ ណៃ តុលា

To Top