រុស្សីថ្កោលទោស ប្រតិបត្តិការយោធាទាំងកំរោល របស់អាមេរិក នៅឯក្រុមប្រឹក្សា អង្គការសហប្រជាជាតិ
បរទេស ៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារចិនស៊ិនហួ នៅថ្ងៃនេះបានឲ្យដឹងថា ឯកអគ្គរដ្ឋទូតរុស្ស៊ីរបស់អង្គការសហប្រជាជាតិ លោក Vassily Nebenzia បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេស របស់លោកថ្កោលទោសសកម្មភាព យោធារបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេស វេណេស៊ុយអេឡាកាលពីចុងសប្តាហ៍។
លោក Nebenzia បានប្រាប់កិច្ចប្រជុំបន្ទាន់មួយ របស់ក្រុមប្រឹក្សាសន្តិសុខ បន្ទាប់ពីការវាយលុក របស់សហរដ្ឋអាមេរិកលើវេណេស៊ុយអេឡាថា ៖ យើងថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើ នៃការឈ្លានពានប្រដាប់អាវុធ របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងវេណេស៊ុយអេឡា ក្នុងការរំលោភលើគ្រប់បទដ្ឋាន នៃច្បាប់អន្តរជាតិ។
លោកក៏បានធ្វើការអំពាវនាវ ឲ្យថ្នាក់ដឹកនាំអាមេរិក ដោះលែងប្រធានាធិបតីវេណេស៊ុយអេឡា Nicolas Maduro និងភរិយាជាបន្ទាន់ ដែលអ្នកទាំងពីរកំពុងត្រូវបានឃុំខ្លួនក្នុងទីក្រុងញូវយ៉ក ។
លោក Nebenzia បាននិយាយថា រុស្ស៊ីមានការរន្ធត់ចិត្តជាខ្លាំង ចំពោះអំពើឃោរឃៅ ដែលមិនធ្លាប់មានពីមុនមកលើផ្នែកនៃទីក្រុងវ៉ាស៊ីនតោន ដែលមិនបានព្យាយាមលាក់បាំង នូវគោលបំណងពិតនៃប្រតិបត្តិការឧក្រិដ្ឋកម្មរបស់ខ្លួន ពោល គឺការបង្កើតការគ្រប់គ្រងគ្មាន ដែនកំណត់លើធនធានធម្មជាតិ របស់វេណេស៊ុយអេឡា និងការអះអាងអំពីមហិច្ឆតាអនុត្តរភាព របស់ខ្លួននៅអាមេរិកឡាទីន។
អ្នកការទូតរុស្ស៊ីរូបនេះបានបន្តទៀតថា ក្នុងស្ថានភាពបច្ចុប្បន្ន វាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សហគមន៍អន្តរជាតិទាំងមូលក្នុងការរួបរួមគ្នា និងបដិសេធដាច់ខាតនូវវិធីសាស្រ្តនិង ឧបករណ៍នៃគោលនយោបាយការបរទេសរបស់យោធាសហរដ្ឋអាមេរិក ដែលត្រូវបានបង្ហាញយ៉ាងច្បាស់លាស់ នៅក្នុងករណីនៃប្រទេសវេណេស៊ុយអេឡានេះស្រាប់៕
ប្រែសម្រួល៖ស៊ុនលី
