អេហ្ស៊ីប ស៊ីរី ចុះហត្ថលេខា លើកុងត្រា កិច្ចសហប្រតិបត្តិការទ្វេភាគី ផ្តោតសំខាន់វិស័យថាមពល
បរទេស ៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារចិនស៊ិនហួនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអេហ្ស៊ីប និងស៊ីរី បានចុះហត្ថលេខាលើ អនុស្សរណៈ នៃការយោគយល់គ្នា (MoU) ចំនួនពីរកាលពីថ្ងៃចន្ទ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងវិស័យថាមពល ។
ក្រសួងធនធានរ៉ែរបស់អេហ្ស៊ីប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅទីក្រុងគែរ ដែលវានឹងគ្របដណ្តប់លើការផ្គត់ផ្គង់ ឧស្ម័នធម្មជាតិរបស់ប្រទេសអេហ្ស៊ីបទៅឲ្យប្រទេសស៊ីរីសម្រាប់ផលិតអគ្គិសនី និងការផ្តល់ផលិតផលប្រេងដើម្បីបំពេញតម្រូវការរបស់ស៊ីរី។
ភាគីទាំងពីរបានចុះហត្ថលេខាជាផ្លូវការ ក្នុងអំឡុងពេលកិច្ចប្រជុំរវាងលោក Karim Badawi រដ្ឋមន្ត្រីប្រេង និងធនធានរ៉ែរបស់អេហ្ស៊ីប និងគណៈប្រតិភូជាន់ខ្ពស់ស៊ីរីដឹកនាំដោយលោក Ghiath Diab អនុប្រធានអាជ្ញាធរថាមពលស៊ីរី។
បន្ថែមពីនោះផងដែរ លោកBadawi បានបញ្ជាក់ពីការត្រៀមខ្លួនរបស់ក្រសួងរបស់គាត់ក្នុងការផ្តល់នូវជំនាញបច្ចេកទេស និងការគាំទ្របន្តទៀត ដើម្បីជួយកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសស៊ីរី៕
ប្រែសម្រួល៖ស៊ុនលី
