ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីម៉ិកស៊ិក​ បដិសេធអន្តរាគមន៍ របស់អាមេរិក​ នៅម៉ិកស៊ិកដើម្បីប្រយុទ្ធប្រឆាំង នឹងក្រុមជួញដូរគ្រឿងញៀន

ម៉ិកស៊ិក៖​ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បានបដិសេធលទ្ធភាពនៃការអន្តរាគមន៍របស់សហរដ្ឋអាមេរិកនៅម៉ិកស៊ិក​ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន ដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃការរក្សាអធិបតេយ្យភាពជាតិ និងពង្រឹងឯកភាពជាតិ។

ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃធម្មតារបស់លោកស្រី Sheinbaum បានច្រានចោលតម្រូវការសម្រាប់ការ ចរចាជាមួយប្រធានាធិបតីអាមេរិកលោក​ ដូណាល់​ ត្រាំ ដែលបានស្នើម្តងហើយម្តងទៀតឱ្យបញ្ជូនកងទ័ពអាមេរិកទៅកាន់ម៉ិកស៊ិក​ ដើម្បីប្រយុទ្ធប្រឆាំងនឹងការ ជួញដូរគ្រឿងញៀន។

លោកស្រីបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសន្តិសុខណាមួយត្រូវតែផ្អែកលើការគោរពគ្នាទៅវិញទៅមក អធិបតេយ្យភាពជាតិ និងកិច្ចសហការដោយគ្មានការចុះចូល។

លោកស្រីបានលេីកឡេីងថា “ខ្ញុំមិនជឿលើការឈ្លានពានទេ ខ្ញុំមិនគិតថាវាជាអ្វីដែលពួកគេកំពុង យកចិត្តទុកដាក់ខ្លាំងនោះទេ” ដោយកត់សម្គាល់ថាលោក ត្រាំ​ បានទទូចម្តងហើយម្តងទៀតថា យោធាសហរដ្ឋអាមេរិកអាចចូលទៅ ក្នុងទឹកដីម៉ិកស៊ិក ប៉ុន្តែរដ្ឋបាលរបស់លោកស្រីបាន “និយាយយ៉ាងម៉ឺងម៉ាត់ថាទេ”។

លោកស្រី Sheinbaum បានបន្ដថា បញ្ហានៃការជួញដូរគ្រឿងញៀនមិនអាចដោះស្រាយបានតាមរយៈសកម្មភាពយោធាបរទេសទេ ដោយបន្ថែមថា រដ្ឋាភិបាលម៉ិកស៊ិកកំពុងអនុវត្តយុទ្ធសាស្ត្រប្រឆាំងគ្រឿងញៀនដ៏ទូលំទូលាយដោយផ្អែកលើការពង្រឹងស្ថាប័នសន្តិសុខជាតិ និងដោះស្រាយបញ្ហាសង្គម៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top