លោក Trump បន្ថែមជម្រើស ជាការទិញយកទឹកដី Greenland បញ្ចូលជាមួយ នឹងការប្រើប្រាស់កម្លាំងយោធា
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតី អាមេរិកលោក Donald Trump និងក្រុមការងាររបស់គាត់កំពុងថ្លឹងថ្លែង នូវជម្រើសជាច្រើន ដើម្បីអាចទទួលបាន ទឹកដីGreenland របស់ប្រទេសដាណឺម៉ាក។
ក្រៅតែពីជម្រើសក្នុងការប្រើប្រាស់ ទឹកលុយក្នុងការទិញយកដែនកោះទឹកកក នេះហើយនោះអាមេរិកក៏នឹងចាំបាច់ត្រូវតែ រួមបញ្ចូលទាំងការប្រើប្រាស់យោធា សហរដ្ឋអាមេរិកផងដែរនេះ បើយោងតាមការបញ្ជាក់ដោយមន្ត្រីជាន់ ខ្ពស់ផ្នែកកិច្ចការងារសារព័ត៌មាននៅសេត វិមានលោកស្រី Karoline Leavitt បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃអង្គារម្សិលមិញ។
លោកស្រី Leavitt បានប្រាប់ស៊ិនហួនៅក្នុងសេចក្តីថ្លែងការណ៍មួយតាមអ៊ីមែលថា ៖ប្រធានាធិបតី និងក្រុមការងាររបស់លោកកំពុងពិភាក្សាអំពីជម្រើសជាច្រើនដើម្បីបន្តគោលដៅគោលនយោបាយការបរទេសដ៏សំខាន់នេះ ហើយជាការពិតណាស់ការប្រើប្រាស់យោធាអាមេរិកគឺតែងតែជាជម្រើសមួយនៅក្នុងការចាត់ចែងរបស់អគ្គមេបញ្ជាការ។
លោកស្រី Leavitt ក៏បាននិយាយដែរថា ៖ប្រធានាធិបតី Trump បាន ធ្វើឱ្យវាត្រូវបានគេស្គាល់យ៉ាង ច្បាស់ថាការទទួលបានទឹកដី Greenland គឺជាអាទិភាពសន្តិសុខ ជាតិរបស់សហរដ្ឋអាមេរិក ហើយវាមានសារៈសំខាន់ណាស់ក្នុង ការរារាំងសត្រូវរបស់យើងនៅក្នុងតំបន់អាក់ទិក។
គួរឲ្យដឹងដែរថាយោងតាមការបញ្ជាក់ដោយមន្ត្រី ជាន់ខ្ពស់សេតវិមាន លោក Stephen Miller បាននិយាយកាលពីថ្ងៃចន្ទថា គ្មាននរណាម្នាក់នឹងហ៊ានចេញមកប្រឆាំងនឹងសហរដ្ឋអាមេរិកនោះទេ ប្រសិនបើខ្លួនព្យាយាមដណ្តើមយកទឹកដី Greenland បានសម្រេចដែលជាទឹកដីស្វយ័តរបស់ដាណឺម៉ាក៕
ប្រែសម្រួល៖ស៊ុនលី
