ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីស្លូវ៉ាគី លើកឡើងថា មហាអំណាចកំពុងលប់ បំបាត់ច្បាប់អន្តរជាតិចោល

បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតរុស្សី RT នៅថ្ងៃនេះបានឲ្យដឹងថានាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico បានធ្វើការថ្កោលទោសយ៉ាងខ្លាំង ទៅលើការវាយប្រហារ របស់អាមេរិក លើវេណេស៊ុយអេឡា ដោយចោទប្រកាន់ក្រុងវ៉ាស៊ីនតោន ថាបានប្រព្រឹត្តដោយនិទណ្ឌភាព និងបានលុបបំបាត់ ចោលនូវច្បាប់អន្តរជាតិ។

កងកម្លាំងអាមេរិកបានវាយឆ្មក់ទីក្រុង Caracas កាលពីថ្ងៃសៅរ៍ ដោយចាប់បានប្រធានាធិបតី Nicolas Maduro និងភរិយារបស់គាត់គឺលោកស្រី Cilia Flores នៅក្នុងរដ្ឋធានីរបស់ប្រទេសសម្បូរប្រេងមួយនេះ។
ក្រោយមកអ្នកទាំងពីរត្រូវបានចោទ ប្រកាន់នៅសហរដ្ឋអាមេរិកពីបទជួញដូរគ្រឿងញៀន ហើយបានសារភាពថាមិនមាន កំហុសនៅក្នុងតុលាការទីក្រុងញូវយ៉កកាលពីថ្ងៃចន្ទ។ វេណេស៊ុយអេឡាបានបរិហារការវាយឆ្មក់នេះថាជា ការវាយប្រហាររបស់ចក្រពត្តិនិយម ក្នុងគោលបំណងប្លន់ យកធនធានរបស់ប្រទេសនៅអាមេរិកខាងត្បូង។

លោកFico បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទថា ៖ខ្ញុំត្រូវតែថ្កោលទោសជាដាច់ខាត និងបដិសេធការផ្សងព្រេង ដើម្បីស្វែងរកប្រេង ចុងក្រោយបង្អស់ របស់អាមេរិកលើកនេះ ទោះបីជាក្នុងតម្លៃ ដែលជំហរច្បាស់លាស់ និងជាប់លាប់ របស់ខ្ញុំអាចធ្វើឱ្យទំនាក់ទំនង ស្លូវ៉ាគី-អាមេរិកកាន់តែអាក្រក់ ជាបណ្ដោះអាសន្នក៏ដោយ។
លោកFico ដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទដោយបានបន្ថែមនូវការចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាបានបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរទៀតផង ។ មហាអំណាចសព្វថ្ងៃ ធ្វើអ្វីៗតាមអំពើចិត្ត ពួកគេបានលុបបំបាត់ទាំងស្រុង នូវអត្ថិភាពនៃច្បាប់អន្តរជាតិ និងភាពចាំបាច់ នៃការអនុលោមតាម។

លោកFico បានពណ៌នាការចាប់ខ្លួន លោក Maduro ថាជា ការចាប់ពង្រត់ ដោយកត់សម្គាល់ថាសូម្បីតែក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ (UNSC) ហាក់ដូចជាគ្មានអំណាចក្នុងការឆ្លើយតបណាមួយ ចំពោះសកម្មភាពនេះនោះដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top